ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបានព្រមានថា ការវាយប្រហារដោយថ្មើរជើងរបស់កងទ័ពអ៊ីស្រាអែល ដែលបានគ្រោងទុកទៅលើតំបន់ រ៉ាហ្វា ភាគខាងត្បូងរបស់ដែនដីហ្កាហ្សា នឹងក្លាយជាមហន្តរាយ។

នៅក្នុងអត្ថបទមួយចេញផ្សាយដោយសារព័ត៌មានប្រចាំថ្ងៃរបស់អង់គ្លេស The Guardian អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក ជែមស៍ អេលឌ័រ (James Elder)បាននិយាយថា លោកបានមើលឃើញ ទីបញ្ចុះសពថ្មីសុទ្ធតែក្មេងៗ នៅក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ លោកក៏បានថ្កោលទោសផងដែរចំពោះការដាក់គោលដៅរបស់អ៊ីស្រាអែលទៅលើបុគ្គលិកជំនួយមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីន។

លោកបាននិយាយថា កាលពីប៉ុន្មានសប្តាហ៍មុន ពិភពលោកបានថ្កោលទោសចំពោះការសម្លាប់បុគ្គលិកជំនួយ៧នាក់ក្នុងការវាយប្រហារតាមអាកាសលើក្បួនរថយន្តដឹកជំនួយផ្ទះបាយកណ្តាលពិភពលោក( World Central Kitchen )។
លោក អែលឌ័រ បាននិយាយថា តំបន់រ៉ាហ្វា ដែលអ៊ីស្រាអែលធ្លាប់បានអះអាងថា មានសុវត្ថិភាព និងជាទីដែលជនស៊ីវិលប្រហែល ១លាន៥សែននាក់ បានស្វែងរកកន្លែងជ្រកកោននោះ នឹងដួលរលំប្រសិនបើយោធាបើកការលុកលុយ។

ក្រោយមកលោកបានព្រមានក្រុមអាជ្ញាធរអ៊ីស្រាអែល កុំឲ្យឈ្លានពានដែលអាចបណ្ដាលឲ្យស្លាប់ជីវិតជនស៊ីជាច្រើនអ្នកទៀត។
លោកក៏បានចង្អុលបង្ហាញផងដែរ ថាកុមារប្រហែល ៦០០.០០០នាក់ កំពុងរស់នៅក្នុងទីក្រុងរ៉ាហ្វា ហើយថាទីនោះគឺជាផ្ទះដែលឥឡូវនេះជាមន្ទីរពេទ្យធំបំផុតបំផុតដែលនៅសេសសល់ ៕