មីយ៉ាន់ម៉ា៖ ចក្រភពអង់គ្លេសបានព្រមានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដាថា ពាក់កណ្ដាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន ៥៤លាននាក់អាចឆ្លងវីរុស COVID-19 ក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ។

ចក្រភពអង់គ្លេសបានកោះប្រជុំ ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ស្ថានភាពវីរុសកូរ៉ូណាធ្ងន់ធ្ងរនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលបានរីករាលដាលចាប់តាំងពីយោធាបានកាន់កាប់អំណាចកាលពីខែកុម្ភៈ។ ចក្រភពអង់គ្លេសបានជំរុញឱ្យក្រុមប្រឹក្សាធានាសេចក្ដីសម្រេចលេខ ២៥៦៥ ដែលទាមទារឱ្យមានបទឈប់បាញ់នៅតំបន់មានជម្លោះ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនវ៉ាក់សាំងបង្ការវីរុសកូរ៉ូណាប្រកបដោយសុវត្ថិភាព ត្រូវបានគោរពនៅក្នុងសហភាពមីយ៉ាន់ម៉ា។ លោកស្រី Barbara Woodward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសបានទទូចថា វាជារឿងសំខាន់ណាស់ដែលយើងត្រូវពិចារណាថា តើយើងត្រូវអនុវត្តយ៉ាងម៉េច។
អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានតែ ៤០% ប៉ុណ្ណោះនៃស្ថាប័នថែទាំសុខភាពរបស់មីយ៉ាន់ម៉ានៅអាចដំណើរការបាន។ ស្ថាប័នពិភពលោកមួយនេះក៏បានប៉ាន់ប្រមាណផងដែរថា កម្លាំងយោធាបានវាយប្រហារយ៉ាងហោចណាស់ ២៦០ដងប្រឆាំងនឹងបុគ្គលិកពេទ្យ និងទីតាំងវេជ្ជសាស្ត្រនានា ដោយឃាត់ខ្លួនមន្ត្រីពេទ្យយ៉ាងតិច ៦៧នាក់៕
អត្ថបទ៖ សុខមាន