ប្រមុខការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០២ ឧសភា) នេះថា វានឹងពិបាកសម្រាប់កោះតៃវ៉ាន់ ក្នុងការចូលរួមសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំនេះ ហើយខ្លួនសង្ឃឹមថាប្រទេសជាច្រើនទៀតនឹងគាំទ្រវត្តមានរបស់កោះតៃវ៉ាន់ បន្ទាប់ពីសហរដ្ឋអាមេរិក បានជំរុញឱ្យមានការអញ្ជើញ ប៉ុន្តែលទ្ធភាពនៃការចូលរួមណាមួយហាក់មានតិច ទោះអាមេរិកគាំទ្រក៏ដោយ។

កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើនដោយសារតែការជំទាស់របស់ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន។ សន្និបាតសុខភាពពិភពលោក (WHA) ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឺ (Lai Ching-te) ដែលចិនចាត់ទុកថាជាអ្នកផ្ដាច់ខ្លួន ចូលកាន់តំណែង។

តៃវ៉ាន់ បានចូលរួមសន្និបាតសុខភាពពិភពលោក (WHA) នេះក្នុងនាមជាអ្នកសង្កេតការណ៍ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្រោមការគ្រប់គ្រងរបស់មេដឹកនាំនៅពេលនោះ គឺលោក ម៉ា អ៊ីងចូវ (Ma Ying-jeou) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាមួយប្រទេសចិន។ ប៉ុន្តែទីក្រុងប៉េកាំង បានចាប់ផ្តើមរារាំងការចូលរួមរបស់តៃវ៉ាន់នៅឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំថ្មី លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះតំណែង។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភា ប្រមុខការបរទេសតៃវ៉ាន់ លោក ចូសេប អ៊ូ (Joseph Wu) បានលើកឡើងពីសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ដែលក្នុងនោះលោកបាននិយាយថា សហរដ្ឋអាមេរិក «លើកទឹកចិត្តយ៉ាងខ្លាំង» ដល់អង្គការសុខភាពពិភពលោក ឱ្យស្តារការអញ្ជើញរបស់តៃវ៉ាន់ឡើងវិញ៕