ក្រុមនិស្សិតដែលគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នាតវ៉ានៅសកលវិទ្យាល័យនានានៅទូទាំងចក្រភពអង់គ្លេស បន្ទាប់ពីបាតុកម្មដ៏ហិង្សានៅឯបរិវេណសាលានៅក្នុងសហរដ្ឋអាមេរិក។ និស្សិតនៅទីក្រុង ឡីដស៍ (Leeds) ទីក្រុង មែនឆេសស្ទើ (Manchester) ទីក្រុង ញ៉ូវខាសល (Newcastle) ទីក្រុង ស្ហែហ្វហ្វីល (Sheffield) និងទីក្រុង ប្រ៊ីស្តូល (Bristol) បាននាំគ្នាបង្កើតជំរំតង់នៅខាងក្រៅអគារសាកលវិទ្យាល័យកាលពីថ្ងៃពុធ (០១ ឧសភា) ដើម្បីតវ៉ាប្រឆាំងនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា។

ជំរំមួយនៅសាកលវិទ្យាល័យ វ៉វីក (Warwick) ត្រូវបានបង្កើតឡើងនៅក្នុងតំបន់របស់ទីក្រុងអស់រយៈពេលមួយសប្តាហ៍មកហើយ។ យោងតាមសារព័ត៌មាន ញូវយ៉ក ថែមស៍ (NYT) បានឱ្យដឹងថា ជំរំជាច្រើនទៀតនឹងត្រូវបង្កើតឡើងនៅសាលាជាច្រើនទៀត រួមទាំងសាកលវិទ្យាល័យ លែនខាស្ទើ (Lancaster), សាកលវិទ្យាល័យ ស្វានស៊ី (Swansea) និងសាកលវិទ្យាល័យ អ៊ីឌីនប៊ឺក (Edinburgh)។

ក្រុមបាតុកម្ម ដែលស្រដៀងគ្នាទៅនឹងចលនាតវ៉ារបស់សហរដ្ឋអាមេរិកទាំងនេះ បានអំពាវនាវឱ្យសាកលវិទ្យាល័យរបស់ពួកគេដកខ្លួនចេញពីអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

នេះនឹងមានន័យថា ឱ្យមានការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនអ៊ីស្រាអែល ឬបើមិនដូច្នេះទេត្រូវទម្លាក់ទំនាក់ទំនងហិរញ្ញវត្ថុ។ ការតវ៉ាបានកើតឡើងខណៈការប៉ះទង្គិចគ្នាយ៉ាងហិង្សាត្រូវបានគេមើលឃើញនៅក្នុងបរិវេណសាលាជាច្រើនទូទាំងសហរដ្ឋអាមេរិក៕