បណ្តាសាលារៀនរដ្ឋ នៅខេត្តកណ្តាល នៅថ្ងៃទី២ ខែឧសភានេះ បានចាប់ផ្តើមការអនុវត្តការណែនាំក្រសួងអប់រំយុវជន និងកីឡា ផ្លាស់ប្តូរម៉ោងរៀន និងបង្រៀន ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលបង្កប៉ះពាលដល់សុខភាពសិស្សានុសិស្ស អំឡុងក្នុងរដូវប្រាំងនេះ អាកាសធាតុកំពុងឡើងកម្ដៅខ្លាំង។
គណៈគ្រប់គ្រងសាលាបឋមសិក្សាហ៊ុន សែន កំពង់សំណាញ់ និងវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែឧសភា ថ្លែងថា នៅថ្ងៃនេះ គណៈគ្រប់សាលា បានប្រកាសដល់គ្រប់សិស្សានុសិស្សរួចហើយថា ដោយបញ្ហាអាកាសធាតុក្តៅខ្លាំង សាលាសម្រេចផ្លាស់ប្តូរម៉ោងរៀន និងបង្រៀននៅពេលព្រឹកចាប់ចូលរៀននៅម៉ោង៧ និងចេញពីរៀនវិញនៅម៉ោង១០ព្រឹក ហើយថ្ងៃរសៀលចាប់ចូលរៀននៅម៉ោង២ និងចេញវិញនៅម៉ោង ៥លា្ងច ហើយទន្ទឹមនឹងនេះដែរសាលាក៏បានរៀបចំប្រព័ន្ធទឹកស្រោចស្រពទឹកបរិវេណសាលា និងរៀបចំដាក់កង្ហាក្នុងថ្នាក់រៀន ដើម្បីបញ្ចុះសីតុណ្ហភាពក្ដៅខ្លាំងនៅបរិវេណសាលារៀន។
ក្រុមសិស្សថ្លែងថាក្នុងអំឡុងអាកាសធាតុកំពុងឡើងកម្ដៅនេះកន្លងមកជារឿយៗ គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ តែងតែក្រើនរំលឹកឲ្យសិស្សពិសារទឹកស្អាតឲ្យបានច្រើន ចៀសវាងភេសជ្ជៈផ្អែមខ្លាំង ប្រៃខ្លាំង ដែលងាយធ្វើឲ្យរាង្គកាយខ្សោះជាតិទឹក ងាយបង្កជំងឺវិលមុខ ឈឺក្បាល ក្អួតចង្កោរ ដួលសម្លាប់ជាដើម ហើយមកដល់ពេលនេះ សាលាបានសម្រេចផ្លាស់ប្តូរសិក្សា ខណៈការរៀនចាប់ពីម៉ោង១០ ឡើងទៅ ធ្វើឲ្យសិស្សទាំងអស់គ្នា បែកញើស ក្តៅ និងហាក់រៀនមានអារម្មណ៍មិនល្អជាដើមនៅក្នុងថ្នាក់ជាដើម។
លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល មកដល់ពេលនេះផ្សព្វផ្សាយ សេចក្តីណែនាំការអនុវត្តម៉ោងបង្រៀន និងរៀនជូនបណ្តាគណៈគ្រប់គ្រងសាលាទាំងអស់រួចហើយនៅខេត្តកណ្តាល ហើយបណ្តាសាលារៀន មានសិទ្ធក្នុងការសម្រេចជាក់ស្តែង ក្នុងករណីសីតុណ្ហភាពឡើងកំដៅខ្លាំង ។
ទន្ទឹមនឹងនេះលោកក៏បានណែនាំឲ្យគ្រប់គណៈគ្រប់សាលាត្រូវរាយការណ៍បន្ទាន់មកមន្ទីរអបរំខេត្ត និងអាជ្ញាធរមូលដ្ឋានខ្លួន ក្នុងករណីសិស្ស លោកគ្រូអ្នកគ្រូ ឬសាលារៀន ជួបរងបញ្ហាផ្សេងៗ ដោយសារការឡើងកំដៅអាកាសធាតុ ដែលមិនអាចដោះស្រាយបាន៕ អត្ថបទ ស៊ុម សុខជា