វិមានក្រឹមឡាំង បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទីបញ្ជាការនៃក្រុមភាគខាងត្បូងរបស់កងទ័ពអ៊ុយក្រែន នៅទីក្រុងអូដេសា( Odesa) ។

ការវាយប្រហារនេះ ធ្វើឡើងដោយប្រើមីស៊ីលនិងកាំភ្លើងធំរបស់កងទ័ពអាកាសរុស្ស៊ី នេះបើយោងតាមក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ។
ក្រសួងបាននិយាយថា៖«ទីស្នាក់ការកណ្តាលនៃទីបញ្ជាការប្រតិបត្តិការរបស់ក្រុមភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានវាយប្រហារដោយកិច្ចប្រតិបត្តិការតាមអាកាសនិងយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល និងកាំភ្លើងធំ»។
ក្រសួង មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារលើទីតាំងកំពង់ផែក្រុងនោះទេ ប៉ុន្តែបាននិយាយថា កងកម្លាំងរុស្ស៊ី កំពុងពង្រឹងការការពាររបស់ពួកគេ នៅទូទាំងជួរមុខទាំងមូល។

ទីបញ្ជាការយោធាភាគខាងត្បូងរបស់ទីក្រុងគីវ បាននិយាយថា អគាររដ្ឋបាល និងលំនៅឋាន ក៏ដូចជា ស្ថាប័នសុខាភិបាល និងអប់រំ ក៏ត្រូវរងការខូចខាត នៅក្នុងការវាយប្រហារនោះផងដែរ។
ទីក្រុងអូដេសា និងជាពិសេសកំពង់ផែរបស់ខ្លួន គឺជាគោលដៅញឹកញាប់របស់កងកម្លាំងរុស្ស៊ីពេញមួយ សង្គ្រាមនេះ។