សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកទឹកចិត្តដល់រោងចក្រ និងក្រុមហ៊ុននានាដែលមកវិនិយោគនៅកម្ពុជា ឱ្យបើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិចំនួន ១,៥ លាននាក់មានឱកាសអាចចូលហាត់ការនៅតាមរោងចក្រ ឬក្រុមហ៊ុនដោយផ្ទាល់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍អំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចធិបតី មានប្រសាសន៍ថា សមិទ្ធផលថ្មីនៃការបង្កើតរោងចក្រ ដំឡើងរថយន្តរបស់តូយ៉ូតានៅក្នុងប្រទេសកម្ពុជានេះ គឺជាឱកាសក្នុងការផ្ទេរបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនមកកម្ពុជា។ ដូច្នេះសម្ដេចបានលើកទឹកចិត្តដល់រោងចក្រឱ្យបើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈអាចមកហាត់ការដោយផ្ទាល់នៅទីនេះ។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវផ្ដល់ការគាំទ្រដល់វិស័យឯកជនដែលចង់មកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះសម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់បងប្អូនដែលជាកម្មករនិយោជិត កំពុងបំពេញការងារនៅក្នុងរោងចក្រដំឡើងរថយន្តតូយ៉ូតា ក៏ដូចជាបណ្ដាក្រុមហ៊ុន និងរោងចក្រសហគ្រាសដទៃទៀត ត្រូវខិតខំពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនេះឱ្យបានល្អ៕អត្ថបទ៖ វ៉ន ដារ៉ា