ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនរោងចក្រសហគ្រាសនានាដែលមកវិនិយោគនៅកម្ពុជា ចូលរួមប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាព សេដ្ឋកិច្ច និងបង្កើនការងារដល់ពលរដ្ឋ។
ក្នុងឱកាសនោះសម្ដេចធិបតី បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្ម អត្តពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើនតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រស់ដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្រប និងជីវភាពកាន់តែប្រសើរឡើងជូនដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខាអេឡិចត្រូនិក សម្រាប់នាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងសាកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះនឹងនាំមកផលវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នេះបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ដោយក្នុងនោះ ដោយបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើន ភាពប្រកួតប្រជែង” រាជរដ្ឋាភិបាលបានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកែលម្អបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈ ការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន៕អត្ថបទ៖ វ៉ន ដារ៉ា







