យោងតាមការស្ទង់មតិថ្មីមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវ ភូ (Pew) ប្រជាជនអាមេរិក មានការព្រួយបារម្ភកាន់តែខ្លាំង ពីអំណាចរបស់ប្រទេសចិននៅបរទេស ហើយចង់តតាំងនឹងឥទ្ធិពលនោះ។
អ្នកឆ្លើយសំណួរចំនួន ៤២% បានបង្ហាញថាពួកគេចាត់ទុកប្រទេសចិនជាសត្រូវរបស់សហរដ្ឋអាមេរិក ចំនួននេះបានកើនឡើងពី៣៤% ដែលបានស្ទង់មតិកាលពីក្នុងឆ្នាំ ២០២១ នៅពេលអង្គការស្រាវជ្រាវ មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មួយនេះ បានចាប់ផ្តើមសួរសំណួរនេះ។

ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានរកឃើញផងដែរថា ៧១% នៃជនជាតិអាមេរិកជឿថាឥទ្ធិពលសកលរបស់ប្រទេសចិនបាននិងកំពុងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតបបាននិយាយថា ការកំណត់អំណាចរបស់ចិនគួរតែជាអាទិភាពចម្បងសម្រាប់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក រួមទាំងការការពារសហរដ្ឋអាមេរិកពីការវាយប្រហារភេរវកម្ម និងការទប់ស្កាត់លំហូរនៃគ្រឿងញៀនខុសច្បាប់ចូលទៅក្នុងប្រទេសនេះ។

ភាពមន្ទិលដែលចេះតែកើនឡើងនេះ បានកើតឡើង ខណៈប្រទេសទាំងពីរប៉ះទង្គិចគ្នាលើបញ្ហាកាន់តែច្រើន ហើយបេក្ខជនសំខាន់ៗនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកបានប្តេជ្ញាប្រកាន់ជំហរយ៉ាងតឹងរ៉ឹងលើប្រទេសចិន។

លោកប្រធានាធិបតី Biden និងបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋគឺ លោក Donald Trump បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់នៃទំនិញរបស់ចិនដែលមានតម្លៃទាប លើឧស្សាហកម្មអាមេរិក។ ប្រហែល២ភាគ៣ នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិ របស់មជ្ឈមណ្ឌល ភូ (Pew) ជឿថាប្រទេសចិនមានផលប៉ះពាល់អវិជ្ជមានលើលក្ខខណ្ឌសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕