ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា មេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទDelta អាចធ្វើការចម្លងទៅមនុស្សចាប់ពី១០ទៅ១៥នាក់ ក្នុងពេលតែមួយ ខណៈ Alpha កម្លាំងឆ្លងចាប់ពី៥ទៅ៦នាក់ ក្នុងរយៈពេលដូចគ្នា ដោយឡែកកូវីដ១៩ ធម្មតាឆ្លងត្រឹមតែ១ទៅ២នាក់ ប៉ុណ្ណោះក្នុងរយៈពេលតែមួយនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថវិកាបីលានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត មនុស្សចាស់ពីរនាក់ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា មេរោគកូវីដ១៩ប្រភេទថ្មីៗចុងក្រោយនេះវាបានឆ្លងលឿនជាងកូវីដ១៩ធម្មតា ហើយរហូតមកដល់ពេលនេះ មេរោគAlpha បានកើតគ្រប់រាជធានីខេត្តហើយ ខណៈ Deltaបានកំពុងឈានជើងចូលក្នុងសហគមន៍បណ្តើរៗដោយភាគច្រើនគឺខេត្តដែលជាប់ នឹងប្រទេសថៃនេះតែម្តង។
យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន បានបន្តអំពាវនាវដល់ពលរដ្ឋគ្រប់ៗរូបទាំងអស់មិនថានៅក្នុងខេត្តព្រះវិហារនោះទេ ត្រូវអនុវត្តវិធានការរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ។
ជាមួយគ្នានោះសម្រាប់មនុស្សវ័យចាស់ ចាំបាច់ត្រូវទៅទទួលវ៉ាក់សាំងកូវីដ-១៩ ព្រោះជាបុគ្គលងាយរងគ្រោះ ហើយការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវចាក់ឱ្យគ្រប់ចំនួន២ដូស ទើបមានប្រសិទ្ធភាពនោះ៕
អត្ថបទ ៖ បាន ចក់




