ភ្នំពេញ ៖ ថ្ងៃទី ២ ខែឧសភាព ឆ្នាំ ២០២៤នេះ ជាថ្ងៃចាប់ផ្ដើមការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ។ ការប្រឡងនេះ មានបេក្ខជនចូលរួមប្រកួតប្រជែងរហូតដល់ ៣៣ ៣១៤នាក់ ខណៈចំនួនអ្នកជាប់កំណត់យកត្រឹមតែ ៤៤១នាក់ប៉ុណ្ណោះ។ ការប្រឡងនេះនឹងប្រព្រឹត្តទៅពីរលើក ដោយលើកទី ១មានរយៈពេល ៤ថ្ងៃ រីឯការប្រឡងលើកទី ២ នឹងកំណត់កាលបរិច្ឆេទនៅពេលក្រោយ។
ក្រសួងមុខងារសាធារណៈបានចាប់ផ្ដើមរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ។ ការប្រឡងនេះជាការប្រឡងដ៏ធំព្រោះមានបេក្ខជនចូលរួមប្រកួតប្រជែងរហូតដល់ ៣៣ ៣១៤នាក់ ខណៈអ្នកជាប់កំណត់យកត្រឹមតែ ៤៤១នាក់ប៉ុណ្ណោះ។ សម្រាប់ការរៀបចំនេះ គឺធ្វើឡើងរយៈពេល ៤ថ្ងៃជាប់គ្នា គឺចាប់ផ្ដើមពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៥ ខែឧសភា។ រីឯទីតាំងប្រឡង រៀបចំឡើងនៅទីតាំង ៣ផ្សេងគ្នាផងដែរ គឺនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅទីតាំងសាលាភូមិន្ទរដ្ឋបាល។
សម្រាប់ការចាប់ផ្ដើមនៃការប្រឡងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមកាត់វិញ្ញាសាដោយផ្ទាល់។ ឯកឧត្តមអះអាងថា ការប្រឡងនេះនៅតែអនុវត្តតាមនិតិវិធីដែលអនុវត្តកន្លង។ ការតាក់តែងវិញ្ញាសានៅពេលព្រឹក ថតចម្លងភ្លាមៗ ចែកជូនបេក្ខជនប្រឡងនៅពេលថ្ងៃត្រង់ ក្រោមការត្រួតពិនិត្យដោយ អង្គភាពប្រឆាំងអំពើពុករលួយ និងគ្រប់ភាគីពាក់ព័ន្ធដោយធានាថាគ្មានការបែកធ្លាយវិញ្ញាសាជាដាច់ខាត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រឡងគ្រូបង្រៀនអនុវិទ្យាល័យនេះ ខុសពីការប្រឡងជ្រើសរើសមន្ត្រីនាពេលកន្លង។ ភាពខុសគ្នា គឺរៀបចំឡើងជាពីរលើក។ ជាក់ស្ដែងការប្រឡងលើកទី ១នេះ មានរយៈពេល ៤ថ្ងៃ ដោយសម្រាំងយកបេក្ខជន ជាង ១៣០០នាក់ សម្រាប់ការប្រឡងលើកទី២។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងដែរថា ការប្រឡងលើកទី ១ និងលើកទី ២ គឺមានវិញ្ញាសាផ្សេងគ្នា។ ការប្រឡងលើកទី ២ នឹងមានប្រភេទវិញ្ញាសា ជាសំណួរអធិប្បាយជាដើម។ រីឯកាលបរិច្ឆេទនៃការប្រឡងលើកទីពីរ ពុំទាន់មានការបញ្ជាក់នោះទេ។
គួរបញ្ជាក់ឱ្យដឹងថា ក្រោយបញ្ចប់ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ក្រសួងមុខងារសាធារណៈនឹងបន្តរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផងដែរ។ ជាក់ស្ដែងបច្ចុប្បន្នក្រសួងកំពុងបន្តទទួលពាក្យ សម្រាប់ការស្នើសុំចូលរួមប្រឡងជាគ្រូបឋមសិក្សា៕
អត្ថបទ៖គឹមហុក





