យោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (៣០ មេសា) ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា អ្នករស់នៅតាមជនបទក្នុងសហរដ្ឋអាមេរិក ប្រឈមហានិភ័យខ្ពស់នៃការស្លាប់មុនអាយុពីមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងទាំងប្រាំនៃការស្លាប់ ជាងអ្នកដែលរស់នៅក្នុងទីក្រុង។

គិតត្រឹមឆ្នាំ២០២២ ជនជាតិអាមេរិកជាង ៤៦ លាននាក់ ឬស្មើនឹង ១៥ ភាគរយនៃចំនួនសរុបនៃប្រជាជនអាមេរិក បានរស់នៅក្នុងតំបន់ជនបទ ហើយទំនងជាស្លាប់មុនអាយុច្រើនជាងប្រជាជនដែលរស់នៅទីក្រុង នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ CDC ។

របាយការណ៍បន្ថែមថា ជំងឺបេះដូង និងជំងឺមហារីក គឺជាមូលហេតុនាំមុខគេនៃការស្លាប់មុនអាយុ បន្ទាប់មកស្លាប់ដោយការរងរបួសដោយអចេតនា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ របាយការណ៍នេះបានបង្ហាញថា គម្លាតនៃក្រុមមនុស្សជនបទ-ទីក្រុង ក្នុងការបង្ការការស្លាប់មុនអាយុក្នុងប្រទេសបានបន្តរីកកាន់តែធំ។
មជ្ឈមណ្ឌល CDC បាននិយាយថា ដើម្បីដោះស្រាយវិសមភាពនៃការស្លាប់មុនអាយុដែលអាចបង្ការបាននៅទូទាំងតំបន់ជនបទ និងទីក្រុង ទិន្នន័យស្តីពីភាពខុសគ្នានៃការស្លាប់មុនអាយុជាក់លាក់ពីបុព្វហេតុចម្បងទាំងប្រាំដោយប្រភេទជនបទ-ទីក្រុង ពូជសាសន៍ និងជនជាតិ គឺជារឿងចាំបាច់ ដើម្បីជូនដំណឹងអំពីអន្តរាគមន៍ និងគោលនយោបាយថែទាំសុខភាពសម្រាប់ក្រុមមនុស្សជាក់លាក់ក្នុងប្រទេស៕