អង្គភាពសវនកររដ្ឋរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (០១ ឧសភា) បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រមុខកងកម្លាំងប្រដាប់អាវុធ សហការជាមួយនឹងការស៊ើបអង្កេតជាផ្លូវការមួយអំពីថា តើក្រុមហាម៉ាស អាចរៀបចំការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា នេះបានដោយរបៀបណា។

ប្រធានអង្គភាពឃ្លាំមើល លោក ម៉ាតាន់យ៉ាហ៊ូ អែងហ្គលម៉ាន (Matanyahu Englman) បាននិយាយនៅដើមដំបូងនៃសង្រ្គាមថា លោកមានបំណងស៊ើបអង្កេតព្រឹត្តិការណ៍ជុំវិញការវាយប្រហារថ្ងៃទី០៧ ខែតុលា ដែលជាថ្ងៃមួយមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់ប្រទេស។

នៅក្នុងខែធ្នូ លោកបាននិយាយថាការិយាល័យរបស់លោកនឹង «ជីកកកាយរកភស្ដុតាង» ខណៈដែលខ្លួនពិនិត្យមើលទៅលើ «ការបរាជ័យពហុប្រព័ន្ធ» ដែលឈានទៅដល់ការវាយប្រហារអំឡុងពេល និងក្រោយថ្ងៃទី០៧ ខែតុលា ហើយថាផែនការសវនកម្មរបស់ការិយាល័យរបស់លោកភាគច្រើនសម្រាប់ឆ្នាំ២០២៤ នឹងផ្តោតលើការស៊ើបអង្កេតនេះ។

ទូរទស្សន៍រដ្ឋ ខាន់ (Kan) របស់អ៊ីស្រាអែលបានរាយការណ៍ថា នៅក្នុងលិខិតរបស់ប្រធានអង្គភាពសវនកររូបនេះបង្ហាញថា ការិយាល័យនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីសន្តិសុខ មិនបានសហការពេញលេញជាមួយការិយាល័យរបស់លោកទេ ដែលនាំឱ្យមានការពន្យារពេលក្នុងការធ្វើសវនកម្ម។ ការិយាល័យនាយករដ្ឋមន្ត្រី បានច្រានចោលការចោទប្រកាន់របស់លោក អែងហ្គលម៉ាន ហើយនិយាយថា ខ្លួនកំពុងសហការយ៉ាងពេញទំហឹងលើបញ្ហានេះ៕