ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល អញ្ជើញប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ២ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ» នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។
ទិវាឆ្មបជាតិ-អន្តរជាតិ ២ឧសភា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី Tomoko Onoda អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍប្រព័ន្ធសុខាភិបាល នៃអង្គការសុខភាពពិភពលោក និងកញ្ញា ងួន សុភាព ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ។
ទិវាឆ្មប ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងចែករំលែកចំណេះដឹងពីការការពារសុខភាពមាតា និងទារក ពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈទៅដល់បណ្តាញឆ្មប ដើម្បីលើកកម្ពស់គុណភាពសេវា និងចូលរួមកាត់បន្ថយអត្រាមរណៈភាពរបស់មាតា និងទារក។
លោកជំទាវ ពុំ ចន្ទីនី បានថ្លែងសាររបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រី្ត និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៤ ឧសភា ២០២៤ ក្នុងទិវាឆ្មបឆ្នាំ២០២៤នេះ ប្រធានបទពិតជាមានន័យសំខាន់ សំដៅលើការពង្រឹងសមត្ថភាពជំនាញបំពេញការងារឆ្មបឱ្យបានល្អជាងមុន ដើម្បីបម្រើសេវាថែទាំព្យាបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនស្ត្រី ទារក កុមារ យុវវ័យផង និងជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុមកលើសុខភាពមាតា ទារក កុមារ និងយុវវ័យផង។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖ គ្រប់គ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន ដែលកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យសុខាភិបាល សូមធ្វើការធ្វើទំនើបកម្មលើកម្មវិធីសិក្សា ដើម្បីឱ្យស្របតាមនិយាមស្តង់ដា និងបញ្ចូលនូវអន្តរាគមន៍គន្លឹះថ្មីៗ ជាពិសេសពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ មណ្ឌលបង្ហាញត្រាប់ បំពាក់ឧបករណ៍សម្ភារសិក្សាទាន់សម័យ។ គ្រឹះស្ថានសិក្សាត្រូវស្វែងរក កៀរគរធនធានក្នុងការបណ្តុះបណ្តាលគ្រូ បង្កើនសមត្ថភាពឱ្យបានខ្ពស់ ដោយត្រូវមានគុណវុឌ្ឍខ្ពស់ គុណធម៌ ក្រមសីលធម៌ល្អ។ មូលដ្ឋានសុខាភិបាលដែលទទួលនិស្សិតធ្វើកម្មសិក្សា ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្វឹកជំនាញ ការអនុវត្តផ្ទាល់របស់និស្សិត។ ការបណ្តុះបណ្តាលបន្តក្នុងពេលបំពេញការងាររបស់ឆ្មប ការអភិបាលតាមដានការអនុវត្តការងារមានសារៈសំខាន់ណាស់ ហើយត្រូវធ្វើបន្តជាប់ជាប្រចាំ និងឆ្មបទាំងអស់ ត្រូវតែចុះបញ្ជីជាមួយគណៈវិជ្ជាជីវៈ ត្រូវបំពេញគ្រប់លក្ខខណ្ឌដើម្បីទទួលបានអជ្ញាបណ្ណ ក៏ដូចជាបន្តសុពលភាពអាជ្ញាបណ្ណ អនុវត្តការងារឱ្យបានត្រឹមត្រូវ និងត្រូវគោរពឱ្យបាននូវក្រមសីលធ៌មវិជ្ជាជីវៈនិងក្នុងពេលដែលមានអាកាសធាតុក្តៅខ្លាំង សូមអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសសូមយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះ ទារក កុមារ មនុស្សចាស់ ដូចបានជូនតាម «សេចក្តីជូនព័ត៌មានស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យកាលម៉ែត និងប្រធានមណ្ឌលសុខភាពនៃខេត្តពោធិ៍សាត់ ដែលទទួលបានជោគជ័យជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល សរុបចំនួន១០២រូប ក្នុងនោះមេដាយប្រាក់ការងារ ចំនួន១១គ្រឿង និងមេដាយសំរិទ្ធការងារ ចំនួន៩១គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌៕
អត្ថបទ៖ រដ្ឋា
























