ចិន៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរិះគន់ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជាមួយតំណាងមេដឹកនាំនិរទេសទីបេសង្ឃដាឡៃឡាម៉ា (Dalai Lama) អំឡុងដំណើររបស់លោកទៅកាន់ប្រទេសឥណ្ឌា។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា លោក Blinken បានជួបជាមួយលោក Ngodup Dongchung តំណាងរដ្ឋបាលកណ្តាលទីបេ (CTA) ដែលត្រូវបានគេស្គាល់ថា ជារដ្ឋាភិបាលទីបេដែលនិរទេសខ្លួននៅក្នុងទីក្រុងញូវដេលី។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះទម្រង់នៃទំនាក់ទំនងណាមួយរវាងមន្ត្រីប្រទេសណាមួយ និងសម្ដេចសង្ឃដាឡៃឡាម៉ា”។ លោកបានទទូចថា កិច្ចប្រជុំនេះបានរំលោភលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទទួលស្គាល់ទីបេជាផ្នែកមួយរបស់ប្រទេសចិន និងបានជំរុញឱ្យបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនជាមួយបញ្ហាទីបេ និងគាំទ្រកងកម្លាំងឯករាជ្យទីបេ។
រដ្ឋាភិបាលក្រុងប៉េកាំងមិនទទួលស្គាល់រដ្ឋាភិបាលនិរទេសទីបេ ហើយមិនបានជួបពិភាក្សាជាមួយតំណាងសម្ដេចសង្ឃដាឡៃឡាម៉ា ចាប់តាំងពីឆ្នាំ២០១០ មក។ ទីក្រុងប៉េកាំងចោទប្រកាន់មេដឹកនាំព្រះពុទ្ធសាសនាអង្គនេះថា បានព្យាយាមបំបែកតំបន់ទីបេចេញពីប្រទេសចិន ដែលសង្ឃដាឡៃឡាម៉ាបដិសេធ៕
អត្ថបទ៖ សុខមាន