
ក្រសួងការពារជាតិរុស្ស៊ី កំពុងដាក់តាំងបង្ហាញរថក្រោះប្រទេសលោកខាងលិច និងសព្វាវុធជ័យភ័ណ្ឌ ផ្សេងទៀត ដែលរុស្ស៊ីនិយាយថា ត្រូវបានដណ្តើមយកដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ យុទ្ធោបករណ៍ជាង៣០គ្រឿង រួមទាំងរថក្រោះរបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈ នៅក្នុងការតាំងពិពណ៌ដែលបានបើកកាលពីថ្ងៃពុធ នៅឧទ្យានជ័យជម្នះ ទីក្រុងមូស្គូ។
ការតាំងបង្ហាញជាក់ស្តែងគឺមានបំណងបង្ហាញពីជ័យជម្នះរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន និងដើម្បីលើកតម្កើងស្មារតីរបស់ប្រទេសទាក់ទងទៅនឹងសង្គ្រាម។ ក្នុងចំណោមយុទ្ធោបករណ៍ធុនធ្ងន់ ដែលដាក់តាំងបង្ហាញ មានរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ព្រមទាំងរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិក និងរថយន្តប្រយុទ្ធថ្មើរជើង Bradley ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា ការដាក់តាំងបង្ហាញនេះ ក៏រួមបញ្ចូលសព្វាវុធដែលត្រូវបានផ្តល់ទៅឲ្យអ៊ុយក្រែនដោយរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូផ្សេងទៀតដូចជា អង់គ្លេស និងបារាំង។ រូបភាពពីកន្លែងតាំងពិពណ៌ បង្ហាញរថក្រោះដែលកង់ដែករងការខូចខាត ហើយរថយន្តមានស្នាមធ្លុះដោយគ្រាប់កាំភ្លើង ដែលបញ្ជាក់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង បានកើតឡើង។
ការតាំងពិពណ៌នេះ ធ្វើឡើងខណៈរុស្ស៊ីរៀបចំពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់អាណត្តិទីប្រាំ នៅថ្ងៃទី ៧ ខែឧសភា និងការប្រារព្ធទិវាជ័យជំនះនៅថ្ងៃទី ៩ ខែឧសភា។ ទិវាជ័យជំនះនេះ រំលឹកដល់ការទទួលជ័យជម្នះរបស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ និងជាថ្ងៃដ៏សំខាន់បំផុតមួយនៃថ្ងៃឈប់សម្រាករបស់រុស្ស៊ី។