
មេដឹកនាំនៃគណបក្សនយោបាយសាសនាគ្រិស្តដ៏សំខាន់មួយនៅក្នុងប្រទេសលីបង់ បានរិះគន់ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតហេសបូឡា (Hezbollah) សម្រាប់ការបើកផ្នែកខាងមុខជាមួយអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថា វាបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសលីបង់ ដោយមិនធ្វើឲ្យការថយចុះនូវការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីបទេ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP កាលពីយប់ថ្ងៃអង្គារ លោក Samir Geagea នៃគណបក្សកងកម្លាំងលីបង់ បាននិយាយថា ក្រុមហេសបូឡា គួរតែដកខ្លួនចេញពីតំបន់នៅតាមបណ្តោយព្រំដែនជាមួយអ៊ីស្រាអែល ហើយកងទ័ពលីបង់ គួរតែដាក់ពង្រាយ នៅគ្រប់ចំណុចទាំងអស់ដែលក្រុមសកម្មប្រយុទ្ធនៃក្រុមគាំទ្រដោយអ៊ីរ៉ង់ បានកាន់កាប់ទីតាំងមួយចំនួននោះ។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង ខណៈពេលដែលក្រុមអ្នកការទូតលោកខាងលិច ព្យាយាមធ្វើការសម្របសម្រួលឲ្យមានការបន្ធូរបន្ថយការកើនឡើងភាពតាននៅក្នុងជម្លោះព្រំដែន ចំពេលមានការភ័យខ្លាចនៃសង្គ្រាម កាន់តែធំឡើងនោះ។
ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែតសំដៅទៅកាន់ទីតាំងយោធាអ៊ីស្រាអែល កាលពីថ្ងៃទី៨ ខែតុលា មួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានសម្រុកចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូង ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានបង្កឲ្យមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា។
អំពើហិង្សាស្ទើរតែរាល់ថ្ងៃ ភាគច្រើន បានកើតឡើងនៅតំបន់តាមបណ្តោយព្រំដែន ហើយអ្នកសម្រុះសម្រួលអន្តរជាតិ បាននិងកំពុងព្យាយាមទប់ស្កាត់សង្គ្រាមពេញទំហឹងមិនឲ្យកើតឡើង។ ការប្រយុទ្ធគ្នា បានសម្លាប់ទាហាន ១២នាក់ និងជនស៊ីវិល ១០នាក់ ក្នុងប្រទេសអ៊ីស្រាអែល ។ មនុស្សជាង ៣៥០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធហេសបូឡាចំនួន ២៧៣នាក់ និងជនស៊ីវិលជាង ៥០នាក់។