
ភាគខាងកើតប្រទេសឥណ្ឌា បានជួបប្រទះនឹងខែមេសាដ៏ក្តៅបំផុតក្នុងកំណត់ត្រា ខណៈរលកកម្ដៅ បាននាំឲ្យផ្នែកខ្លះនៃប្រទេសនេះក្ដៅសឹងទ្រាំមិនបាន ក្នុងពេលមានការបោះឆ្នោតសកល ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ ៩នាក់ ហើយការិយាល័យអាកាសធាតុកាលពីថ្ងៃពុធ (ទី១ ខែឧសភា) បានព្យាករថា សីតុណ្ហភាពលើសពីធម្មតា ក៏នឹងមានក្នុងខែឧសភាផងដែរ។
កម្ដៅដ៏ក្ដៅបំផុតនេះ ត្រូវបានអ្នកវិភាគនយោបាយចាត់ទុកថា ជាហេតុផលមួយ ដែលធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតមានតិច នៅក្នុងការបោះឆ្នោតសភាចំនួន ៧ដំណាក់កាល ដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ដោយលទ្ធផលគ្រោងនឹងដឹងនៅថ្ងៃទី៤ ខែមិថុនា។
តែយ៉ាងណាក្ដី ស្ថានភាពរលកកម្ដៅត្រូវបានព្យាករថា នឹងថយចុះបន្តិចម្តងៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សីតុណ្ហភាពជាមធ្យមនៅភាគខាងកើតប្រទេសឥណ្ឌា គឺ ២៨,១២អង្សាសេ ក្នុងខែមេសា ដែលជាសីតុណ្ហភាពក្តៅបំផុត ចាប់តាំងពីការកត់ត្រា បានចាប់ផ្តើមនៅឆ្នាំ១៩០១ ដោយអ្នកជំនាញបានបន្ទោសកត្តារួមផ្សំផ្សេងៗទៀត។
ដោយសំដៅទៅលើគំរូអាកាសធាតុដែលជាធម្មតានាំឲ្យមានអាកាសធាតុក្តៅ និងស្ងួត នៅអាស៊ី និងភ្លៀងធ្លាក់ខ្លាំង នៅតំបន់ខ្លះនៃទ្វីបអាមេរិកនោះ លោក Mrutyunjay Mohapatra ប្រធាននាយកដ្ឋានឧតុនិយមឥណ្ឌា បាននិយាយថា៖ «អំឡុងបាតុភូត El Nino ប្រចាំឆ្នាំ យើងមានអាកាសធាតុក្ដៅខ្លាំង»។
ក្នុងខែមេសា រដ្ឋ West Bengal ភាគខាងកើតនៃប្រទេសឥណ្ឌា បានកត់ត្រារលកកម្ដៅ ដែលមានចំនួនច្រើនថ្ងៃបំផុតសម្រាប់ខែនេះ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ តាមមកដោយរដ្ឋ Odisha ដែលនៅជិតខាង ដោយស្ថានភាពកម្ដៅ គឺអាក្រក់បំផុត ក្នុងរយៈពេល ៩ឆ្នាំ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រកាសអំពីរលកកម្ដៅដ៏កម្រមួយ នៅក្នុងរដ្ឋឆ្នេរភាគនិរតី Kerala ជាកន្លែងដែលយ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់ ដោយសារតែសីតុណ្ហភាពក្ដៅខ្លាំងបំផុត៕