
ក្រសួងការបរទេសហ្ស៊កដានីកាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម លើក្បួនរថយន្តជំនួយមនុស្សធម៌របស់ហ្សកដានីចំនួនពីរ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តពីរគ្រឿង ត្រូវបានវាយប្រហារដោយក្រុម ជ្រុលនិយម ហើយក្រសួង បានចាត់ទុកថា ការបរាជ័យរបស់អាជ្ញាធរអ៊ីស្រាអែលក្នុងការផ្តល់ការការពារបានធ្វើឲ្យខូចដល់ការអះអាង និងការប្តេជ្ញាចិត្តទាំងអស់របស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការអនុញ្ញាតឲ្យ ផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។
ក្រសួងហ្ស៊កដានី បានឲ្យអាជ្ញាធរអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះឧក្រិដ្ឋកម្មនេះ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ ប្រកាន់ជំហរច្បាស់លាស់ថ្កោលទោស និងបង្ខំអ៊ីស្រាអែលឲ្យបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន និងធានាការការពារក្បួនរថយន្តជំនួយ និងអង្គការអន្តរជាតិ ដែលធ្វើការទទួល និងចែកចាយជំនួយទាំងនោះ។
យោធានៃប្រទេសហ្ស៊កដានី និងអង្គការសប្បុរសធម៌ Jordan Hashemite បានបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង នៅព្រឹកថ្ងៃដដែលនេះ ដោយបានបង្ហាញថា ជំនួយលើកដំបូង បានចូលតាមរយៈច្រក Beit Hanoun។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសប្បុរសធម៌ Jordan Hashemite បាននិយាយថា រថយន្តដឹកជំនួយចំនួន ៣១គ្រឿង នឹងឆ្លងចូលទៅក្នុងតំបន់នេះ ជាមួយនឹងរថយន្តចំនួន ៤៨គ្រឿងបន្ថែមទៀត ដែលគ្រោងឆ្លងកាត់តាមច្រក Kerem Shalom ដូច្នេះរថយន្តដឹកជំនួយសរុបចំនួន ៧៩គ្រឿង។