
សភាជាតិរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) នេះ បានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ ដែលគាំទ្រដោយទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីឲ្យមានការចាប់ផ្តើមការស៊ើបអង្កេតថ្មី ពាក់ព័ន្ធនឹងការប្រជ្រៀតជាន់គ្នាស្លាប់នៃហ្វូងមនុស្សក្នុងពិធីបុណ្យ Halloween នៅរដ្ឋធានីសេអ៊ូល ក្នុងឆ្នាំ២០២២។
គួរបញ្ចាក់ថា សេចក្តីព្រាងច្បាប់មួយមុននេះ ដែលត្រូវបានគាំទ្រដោយសភាដឹកនាំដោយគណបក្សប្រឆាំង ដោយមិនមានការគាំទ្រពីគណបក្ស គឺគណបក្សអំណាចប្រជាជន (PPP) ត្រូវបានវេតូដោយប្រធានាធិបតី លោក Yoon Suk-yeol កាលពីខែមករា។ ហើយបើយោងតាមការិយាល័យរបស់មេដឹកនាំរូបនេះ បានឲ្យដឹងថា សេចក្ដីស្នើច្បាប់ចុងក្រោយបង្អស់នេះ គឺជាការសម្របសម្រួលដែលដកការផ្តល់អំណាចស៊ើបអង្កេតពេញលេញដល់ក្រុមដែលលោក Yoon បានរារាំង។
នៅក្រោមច្បាប់នេះ គណៈកម្មាធិការដែលបង្កើតឡើងដោយសមាជិកដែលត្រូវបានណែនាំដោយគណបក្សធំៗទាំង២ និងប្រធានដែលត្រូវបានជ្រើសរើសដោយពួកគេតាមរយៈការពិគ្រោះយោបល់ នឹងស៊ើបអង្កេតចំពោះសោកនាដកម្មនេះ។ ការអនុម័តច្បាប់នេះធ្វើឡើងបន្ទាប់ពីលោក Yoon បានជួបជាមួយមេដឹកនាំប្រឆាំងលោក Lee Jae-myung របស់គណបក្សប្រជាធិបតេយ្យ ដើម្បីពិភាក្សាគ្នា កាលថ្ងៃទី២៩ ខែមេសា ខណៈការជួបគ្នានេះ ត្រូវបានធ្វើឡើងក្រោយខណៈគណបក្ស PPP រងបរាជ័យ ក្នុងការបោះឆ្នោតសកល កាលពីខែមេសា។ ហើយការយល់ព្រមនេះក៏កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងឡើងៗលើអាជ្ញាធរ ក្នុងនោះរួមទាំងពីសាច់ញាតិរបស់ជនរងគ្រោះផងដែរ ឲ្យមានការឃុំខ្លួន ចំពោះអ្នកដែលត្រូវទទួលខុសត្រូវ។
សូមរំលឹកថា ការប្រជ្រៀតជាន់គ្នាស្លាប់ក្នុងពិធីបុណ្យ Halloween នៅសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល ក្នុងឆ្នាំ២០២២ បានសម្លាប់មនុស្សជិត ១៦០នាក់ ហើយសាច់ញាតិរបស់ជនរងគ្រោះ ក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ។
ការស៊ើបអង្កេតរបស់នគរបាលដែលបានបោះពុម្ពផ្សាយនៅដើមឆ្នាំ២០២៣ បានសន្និដ្ឋានថា កង្វះនៃការរៀបចំ និងការឆ្លើយតបមិនគ្រប់គ្រាន់ គឺជាកត្តាចម្បងដែលនៅពីក្រោយការប្រជ្រៀតជាន់គ្នាស្លាប់ដ៏គួរឲ្យតក់ស្លុត។ កាលពីខែមករា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់អតីតប្រធានទីភ្នាក់ងារនគរបាលក្រុងសេអ៊ូល ដោយចោទប្រកាន់រូបលោកថា បានរួមចំណែកដល់ការប្រជ្រៀតគ្នាស្លាប់នេះ តាមរយៈការធ្វេសប្រហែស៕