
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Sikorski កាលពីថ្ងៃពុធ បាននិយាយថា ការបញ្ជូនអាវុធ រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន អាចជា «ការបំផុសគំនិត» សម្រាប់ប្រទេសអាល្លឺម៉ង់ ក្នុងការផ្តល់ឲ្យទីក្រុងគីវនូវមីស៊ីល Taurus។
លោក Sikorski បានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) នៅទីក្រុងស្លូប៊ីស( Słubice) ព្រំដែនប៉ូឡូញ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកខួបលើកទី២០នៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសប៉ូឡូញ។
កន្លងមក រដ្ឋមន្ត្រីការបរទេសប៉ូឡូញរូបនេះ បានលើកទឹកចិត្តអាល្លឺម៉ង់ឲ្យបញ្ជូនមីស៊ីល Taurus ទៅកាន់អ៊ុយក្រែន ប៉ុន្តែបាននិយាយថា លោកនឹងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាមិត្តនោះទេ។
លោកស្រី បែបក់ បាននិយាយថា៖«ការជជែកដេញដោលយ៉ាងស្វិតស្វាញ» កំពុងកើតឡើង នៅប្រទេសអាល្លឺម៉ង់លើបញ្ហានេះ។លោកស្រីបានបន្ថែមថា៖«ដូចជាករណីនៅក្នុងបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យដែរ យើងត្រូវតែសម្រេចចិត្តរួមគ្នា។
លោកស្រី បែបក់ ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមមួយ ដែលលោកស្រី កំពុងដឹកនាំជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ដើម្បីបញ្ចុះបញ្ចូលដៃគូដើម្បីទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតសម្រាប់ទីក្រុងគីវ។
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល (Olaf Scholz) ពីមុន បានច្រានចោលការផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងមីស៊ីល Cruise Taurus ដោយបារម្ភថា ប្រទេសនេះ អាចត្រូវបានទាញចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។