ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតប ទៅនឹងសារព័ត៌មាន The Cambodia Dailyថា បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត ហើយសម្តេចក៏បានផ្តាំឲ្យកាសែតដែលបម្រើឲ្យបរទេសនេះឈប់ល្ងង់ និងចំអកឲ្យថាប្រសិនបើមានបញ្ហាភ្នែកសម្តេចឲ្យពាក់វ៉ែនតា ដើម្បីមើល និងពិនិត្យឯកសារឲ្យបានត្រឹមត្រូវ កុំចេះតែប្រឌិតរឿងបំភ្លើសខុសពីការពិត។
តាមរយៈហ្វេសបុក និងឆាណែលតេលេក្រាមនារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេច តេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះកាសែតប្រឆាំងដែលអះអាងថាមានមន្ត្រីគយនិយាយថាលោកគុណ ញឹមយកលុយមកសូកប្រពន្ធហ៊ុន ម៉ាណែតដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា«មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥តែក្រោយមកតាមសំណើរឯកឧត្តមអូនពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបានសម្រេចឲ្យឯកឧត្តមគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៨។ បន្ថែមលើនោះខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍ នៅឆ្នាំ២០២៨ផងដែរដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ»។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានចំអកឲ្យកាសែត ដែលបម្រើឲ្យបរទេសផ្កាប់មុខ មួយនេះសូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់ ហើយសូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូជាដំណាក់ទីមួយដែលសម្តេចលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។ ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែតដែលជាកូនប្រសាររបស់សម្តេចទៅវិញ ឬមកពីល្ងង់?៕
អត្ថបទ ៖ បាន ចក់រ





