
អំឡុងទស្សនកិច្ចនៅទីក្រុងបេរូត ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) បាននិយាយថា សហភាពអឺរ៉ុប (EU) បានផ្តល់កញ្ចប់ហិរញ្ញវត្ថុចំនួន ១ពាន់លានអឺរ៉ូ (១,០៧ពាន់លានដុល្លារ) ដល់ប្រទេសលីបង់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ។
លោកស្រី Von der Leyen បានប្រាប់ថា កញ្ចប់ជំនួយនេះនឹងជួយជំរុញសេវាកម្មមូលដ្ឋាន នៅលីបង់ ក្នុងនោះរួមទាំងសុខភាព និងការអប់រំផងដែរ ទោះបីជាលោកស្រីបានបន្ថែមថា វាមានសារៈសំខាន់ ដើម្បីឲ្យទីក្រុងបេរូត «ធ្វើដំណើរឆ្ពោះទៅមុខនូវកំណែទម្រង់សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ» ដែលនឹងជួយធ្វើឲ្យបរិយាកាសធុរកិច្ច និងវិស័យធនាគារមានជីវិតជីវ៉ាឡើងវិញ។
ដោយថ្លែងជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati និងប្រធានាធិបតីស៊ីប លោក Nikos Christodoulides លោកស្រីបាននិយាយថា ការគាំទ្រផ្នែកសន្តិសុខដល់កងទ័ព កងកម្លាំងសន្តិសុខផ្ទៃក្នុង និងសន្តិសុខទូទៅរបស់លីបង់ នឹងផ្តោតលើការផ្តល់ការបណ្តុះបណ្តាល បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យការគ្រប់គ្រងព្រំដែនប្រសើរឡើង។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសលីបង់បានចាប់ផ្តើមធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ នៅឆ្នាំ២០១៩ បន្ទាប់ពីមានការចំណាយខ្ជះខ្ជាយ និងអំពើពុករលួយជាច្រើនទសវត្សរ៍។ ហើយផលប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងក្រុមឥស្សរជនក្នុងអំណាច បានរាំងស្ទះដល់កំណែទម្រង់ហិរញ្ញវត្ថុដែលនឹងផ្តល់ការធានាឲ្យលីបង់នូវលទ្ធភាពទទួលបានកញ្ចប់ជំនួយចំនួន ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕