ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចាត់តាំងក្រុមការងារមួយក្រុម ដើម្បីសិក្សាស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ក្រុមការងារទើបបង្កើតឡើងថ្មីនេះ ត្រូវបានប្រកាសឱ្យដឹងតាមរយៈសេចក្ដីសម្រេចមួយចេញដោយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ។
ក្រុមការងារថ្មីនេះ មានសមាសភាពសរុប ១៤រូប ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេជោ (TYDA)។
បើតាមសេចក្ដីសម្រេចដដែលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងក្រុមការងារមួយនេះ ឱ្យសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារវេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលក្រុមការងារថ្មីនេះ ស្ថិតនៅក្រោមគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕