នគរបាលបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅទីក្រុងឡុងដ៍្រ ប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានរារាំងរថយន្តក្រុងក្នុងមានផែនការដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់នាវា Bibby Stockholm ដែលត្រូវបានគេដាក់ចតនៅទីក្រុងកំពង់ផែ Portland តំបន់Dorset ដែលអាចផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍បានប្រហែល៥០០នាក់។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានបង្ក្រាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់លោក។ ជាផ្នែកមួយនៃការជម្រុញនេះ រដ្ឋាភិបាលកំពុងព្យាយាមកាត់បន្ថយការចំណាយលើអ្នកស្វែងរកសិទ្ធិជ្រកកោនដែលស្នាក់នៅក្នុងសណ្ឋាគារ ដោយប្រើប្រាស់នាវាដើម្បីផ្តល់កន្លែងស្នាក់នៅ និងនៅទីតាំងអតីតយោធា។

សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមបាតុករនៅទីក្រុង Peckham ភាគខាងត្បូងទីក្រុងឡុងដ៍្រ កំពុងស្រែកថា «ឲ្យពួកគេចាកចេញទៅ» ដោយបានរារាំងរថយន្ត និងបានអង្គុយនៅលើផ្លូវដើម្បីបញ្ឈប់រថយន្តមិនឲ្យធ្វើដំណើរ បណ្តាលឲ្យនគរបាលអូសអ្នកតវ៉ាចេញ។ របាយការណ៍ បាននិយាយថា មនុស្ស៤៥ នាក់ ត្រូវបានចាប់ខ្លួន។
សារព័ត៌មាន BBC បានរាយការណ៍ថា ការិយាល័យ Home Office បានបោះបង់ចោលផែនការផ្លាស់ប្តូរក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់នាវា Bibby បន្ទាប់ពីមានការតវ៉ានៅទីក្រុង Margate កាលពីសប្តាហ៍មុន។ ដោយឡែក រដ្ឋាភិបាល បាននិយាយថា អាជ្ញាធរអង់គ្លេស បានចាប់ផ្តើមឃុំខ្លួនជនអន្តោប្រវេសន៍ ក្នុងការត្រៀមរៀបចំបញ្ជូនពួកគេទៅកាន់ប្រទេសរ្វ៉ាន់ដា ក្នុងរយៈពេល៩ ទៅ១១ សប្តាហ៍ខាងមុខ ទោះបីជាតុលាការកំពូលរបស់ចក្រភពអង់គ្លេស បានប្រកាសកាលពីឆ្នាំមុនថា គោលនយោបាយនេះ មិនស្របច្បាប់ឡើយ។