អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាប្រទេសចិន បានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» នៅជិតកោះនេះជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ហើយនៅថ្ងៃសុក្រ (០៣ ឧសភា) នេះបានបន្ថែមថា ខ្លួនពិនិត្យឃើញយន្តហោះយោធាចិន ចំនួន ១៤ គ្រឿងហោះកាត់ខ្សែបន្ទាត់មេដ្យាននៅច្រកសមុទ្រតៃវ៉ាន់។

ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ យោធារបស់ប្រទេសចិន បានបង្កើនសកម្មភាពរបស់ខ្លួនជុំវិញកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធ។

អាជ្ញាធរការពារជាតិនេះបានឱ្យដឹងថា ចាប់ពីម៉ោង ៤ រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃព្រហស្បតិ៍ ខ្លួនបានពិនិត្យឃើញយន្តហោះយោធាចិនចំនួន ១៥ គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិននៅជុំវិញកោះតៃវ៉ាន់ ហើយក៏មានការល្បាតប្រយុទ្ធរបស់ចិន ស្រដៀងគ្នាមួយដែរកាលពីថ្ងៃសៅរ៍។

ប្រមុខមន្ត្រីសន្តិសុខរបស់កោះនេះបាននិយាយកាលពីថ្ងៃពុធថា តៃវ៉ាន់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នចំពោះសមយុទ្ធយោធារបស់ប្រទេសចិន បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំជាប់ឆ្នោតថ្មី លោក ឡៃ ឈីងទឺ (Lai Ching-te) នៅចុងខែនេះ៕