រដ្ឋ ម៉ារីលែន (Maryland) របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាគេនឹងត្រូវការចំណាយប្រាក់ពី ១,៧ ពាន់លានដុល្លារ ទៅ ១,៩ ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពាន បាល់ទីម័រ (Baltimore) ដែលបានបាក់រលំ ហើយរំពឹងថាការសាងសង់នឹងបញ្ចប់នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៨។

នាយកដ្ឋានដឹកជញ្ជូនរដ្ឋ ម៉ារីលែន បាននិយាយថា «ការប៉ាន់ប្រមាណតម្លៃនៃកម្រិតផែនការរបស់រដ្ឋគឺចន្លោះពី ១,៧ ពាន់លានដុល្លារទៅ ១,៩ ពាន់លានដុល្លារ» ដែល «ស្របតាមគម្រោងស្រដៀងគ្នានៃទំហំ និងរចនាសម្ព័ននៃស្ពាន»។
កប៉ាល់ដឹកទំនិញឈ្មោះ ដាលី (Dali) បានបុកស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី (Francis Scott Key) នេះកាលពីថ្ងៃទី២៦ ខែមីនា ដោយបានសម្លាប់មនុស្ស ៦ នាក់ ។ សមាជិកសភានៅក្នុងសភាអាមេរិក កំពុងធ្វើការលើច្បាប់ដែលនឹងលើកលែងតម្រូវការបច្ចុប្បន្ន ដែលរដ្ឋត្រូវបង់ ១០ ភាគរយនៃការចំណាយសរុបលើការកសាងឡើងវិញ និងធានាថាមានប្រាក់គ្រប់គ្រាន់នៅក្នុងមូលនិធិសហព័ន្ធសម្រាប់ការសាងសង់ឡើងវិញ។

រដ្ឋ ម៉ារីលែន បាននិយាយថា ខ្លួននឹងស្នើសុំសំណើសាងសង់ស្ពានឡើងវិញនៅចុងខែឧសភា ហើយគ្រោងរៀបចំវេទិកាឧស្សាហកម្មនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានផ្តល់មូលនិធិសង្គ្រោះបន្ទាន់ចំនួន ៦០ លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្អាតកម្ទេចកម្ទី និងចាប់ផ្តើមដំណើរការសាងសង់ស្ពានឡើងវិញ៕