រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាការអះអាងរបស់លោកខាងលិច ដែលថាខ្លួនកំពុងសហការយោធាជាមួយកូរ៉េខាងជើង គឺជារឿងមិនត្រឹមត្រូវនោះទេ ហើយថាទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងព្យុងយ៉ាង មិនសំដៅប្រឆាំងនឹងប្រទេសទីបី ឬគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ឡើយ។

សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃទី២៥ ខែមេសា បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ថាប្រទេសចិន កំពុងផ្តល់កន្លែងចតសម្រាប់នាវាដឹកទំនិញរុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការផ្ទេរអាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមរូបភាពផ្កាយរណបដែលទទួលបានពីវិទ្យាស្ថាន រ៉ូយ៉ាល់ យ៉ូណាយធីត (RUSI) របស់ចក្រភពអង់គ្លេស។

នាវានេះបានធ្វើការដឹកជញ្ជូនយ៉ាងហោចណាស់ ១១ ជើងរវាងកំពង់ផែ រ៉ាជីន (Rajin) របស់កូរ៉េខាងជើង និងកំពង់ផែរុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ២០២៣ នេះបើយោងតាមវិទ្យាស្ថានរ៉ូយ៉ាល់ RUSI ដែលបាននិងកំពុងតាមដានចលនារបស់នាវា ជាផ្នែកនៃគម្រោងប្រើប្រាស់ទិន្នន័យប្រភពបើកចំហដើម្បីតាមដានបណ្តាញគេចវេសពីទណ្ឌកម្មរបស់កូរ៉េខាងជើង។

ជាការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើរឿងនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ការចោទប្រកាន់ប្រឆាំងនឹងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងក្នុងកិច្ចសហប្រតិបត្តិការយោធា គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានហេតុផលសមរម្យទាល់តែសោះ»៕