មន្ត្រីការពារជនស៊ីវិលក្នុងតំបន់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនអន្តប្រទវេសន៍ប្រហែល ៤០០ នាក់ធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក ត្រូវបានគេរកឃើញនៅក្នុងរថយន្តក្រុងចំនួន ៣គ្រឿង ដែលត្រូវបានគេបោះបង់ចោលនៅលើផ្លូវហាយវ៉េមួយក្នុងទីក្រុង Veracruz ភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ឆ្មាំជាតិប្រទេសម៉ិកស៊ិក និងនគរបាលក្នុងតំបន់ ត្រូវបានគេផ្តល់ដំណឹងអំពីរថយន្តក្រុងទាំងបីគ្រឿងដែលត្រូវបានគេបោះបង់ចោលនៅលើផ្លូវហាយវ៉េ។ មនុស្សរាប់រយនាក់ដែលមានដើមកំណើតពីបរទេស ត្រូវបានរកឃើញនៅខាងក្នុងរថយន្ត រួមមានទាំងអនីតិជន និងស្ត្រីមានផ្ទៃពោះផងដែរ។ ជនអន្តោប្រវេសន៍មួយចំនួន ខ្សោះជាតិទឹក។ បន្ទាប់ពីការពិនិត្យសុខភាពរួច ជនអន្តោប្រវេសន៍ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយ ថា លោកបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ស្តីពីការរក្សាព្រំដែនរួមរបស់ប្រទេសទាំងពីរ ដោយបើកចំហសម្រាប់ការធ្វើអន្តោប្រវេសន៍ស្របច្បាប់។