ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងធ្វើដំណើរទៅកាន់អឺរ៉ុប ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំនៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចមួយដែលអាចបង្ហាញពីការបែកបាក់ និងខ្វែងគំនិតគ្នារបស់អឺរ៉ុប ជុំវិញពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង និងមធ្យោបាយដែលទ្វីបនេះដាក់ខ្លួនឯងជាបង្គោលរវាងសហរដ្ឋអាមេរិក និងចិន។

លោក ស៊ី ធ្វើដំណើរទៅកាន់ប្រទេសបារាំង ស៊ែរប៊ី និងហុងគ្រី ខណៈពេលដែលសហភាពអឺរ៉ុប កំពុងគម្រាមចាត់វិធានការលើរថយន្តអគ្គិសនី និងឧស្សាហកម្មថាមពលបៃតងរបស់ប្រទេសចិន ជាមួយនឹងពន្ធលើការឧបត្ថម្ភធនដ៏ធំ ដែលប្លុកនេះនិយាយថា ផ្តល់ឱ្យបណ្ដាក្រុមហ៊ុនផលិតក្នុងប្រទេសចិននូវភាពអយុត្តិធម៌។

ជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហា ហើយសហរដ្ឋអាមេរិក មិនស្វាគមន៍ក្រុមហ៊ុនចិន សហភាពអឺរ៉ុបអាចមានអានុភាពខ្លះលើទីក្រុងប៉េកាំង។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា សមាជិកទាំង ២៧ របស់ប្លុកនេះមិនមានភាពស៊ីសង្វាក់គ្នាទេហើយកំពុងខ្វែងគំនិតយ៉ាងស៊ីជម្រៅ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការប្រៀបស្មើនឹងការគិតរបស់ចិន។
ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺជាការព្រួយបារម្ភរបស់អឺរ៉ុប លើការគាំទ្ររបស់ចិន សម្រាប់សេដ្ឋកិច្ចសម័យសង្គ្រាមរបស់រុស្ស៊ី រយៈពេលពីរឆ្នាំនៅក្នុងយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោក លីន ជាន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នឹង «ចាក់បញ្ចូលស្ថិរភាពទៅក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អឺរ៉ុប និងរួមចំណែកថ្មីដល់សន្តិភាព និងស្ថិរភាពក្នុងពិភពលោក»៕
