ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីសូមផ្តល់នូវអនុសាសន៍មួយចំនួនជូនក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានឲ្យយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសារព័ត៌មាន។
ក្នុងសារលិខិតនាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ««សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាក្រសួងព័ត៌មានគប្បីលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយដែលនៅជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និងត្រូវលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់ នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌ អ្នកសារព័ត៌មាន ដែលជាការលើកកម្ពស់តម្លៃ នៃវិជ្ជាជីវៈ។ រៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្តាញសង្គម និងរៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នក សារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ ជាដើម។
នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បាន ផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនអ្នកសារព័ត៌មាន ដោយក្នុងនោះសម្តេចធិបតី បានលើកឡើងថា បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ត្រូវផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជា ពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
សម្តេចធិបតីបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុង ជ្រោយ។ និងបណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មានផងដែរ៕ អត្ថបទ៖ បាន ចក់



