តង់ ផ្ទាំងបដា និងទង់ជាតិ ត្រូវបានគ្របដណ្ដប់នៅកណ្តាលបរិវេណសាកលវិទ្យាល័យតូរ៉ុនតូ កាលពីថ្ងៃព្រហស្បតិ៍ទី២ឧសភាសប្ដាហ៍នេះ ខណៈនិស្សិតបានបង្កើតជំរំមួយដើម្បីអំពាវនាវឱ្យស្ថាប័ននេះកាត់ទំនាក់ទំនងជាមួយអ៊ីស្រាអែលជុំវិញជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ដែនដីហ្កាហ្សា។

ក្រុមនិស្សិតបាននិយាយថា ពួកគេបានរុះរើរនាំងដែលត្រូវបានដំឡើងជុំវិញតំបន់មួយនៅក្នុងបរិវេណសាកលវិទ្យាល័យ ដែលគេស្គាល់ថា King’s College Circle នៅម៉ោងប្រហែល៤ ព្រឹក ដើម្បីបង្កើតជំរំតវ៉ា ជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។
ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេកំពុងចូលរួមជាមួយនិស្សិតនៅតាមសាកលវិទ្យាល័យផ្សេងទៀតក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ក្នុងការបោះជំរំ ដើម្បីអំពាវនាវឱ្យសាកលវិទ្យាល័យរបស់ពួកគេផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល និងដកខ្លួនចេញពីក្រុមហ៊ុនអ៊ីស្រាអែល។

និស្សិតឆ្នាំទីបួនមួយរូប ដែលមានសាច់ញាតិនៅក្នុងតំបន់ហ្កាហ្សា និងជំរំជនភៀសខ្លួនក្នុងប្រទេសលីបង់ បាននិយាយនៅកន្លែងបោះជំរំថា យើងគ្រោងនឹងស្នាក់នៅទីនេះ ដរាបណាការទាមទាររបស់យើងបានសម្រេច ។ អ្វីដែលយើងកំពុងធ្វើនៅទីនេះ គឺគ្មានអ្វីធំដុំទេ បើធៀបនឹងអ្វីដែលប្រជាជនប៉ាឡេស្ទីន កំពុងឆ្លងកាត់នោះ។

ការបោះជំរំនៅក្នុងបរិវេណសាកលវិទ្យាល័យ Toronto កើតឡើង ខណៈសកម្មជនគាំទ្រប៉ាឡេស្ទីនបានបោះតង់ នៅតាមបរិវេណសាកលវិទ្យាល័យទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងការបោះជំរំនៅសាកលវិទ្យាល័យ McGill ក្នុងទីក្រុង Montreal សាកលវិទ្យាល័យ Ottawa និងសាកលវិទ្យាល័យ British Columbia ។ បាតុកម្មនៅតែបន្តនៅក្នុងបរិវេណទាំងបីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕