ក្រសួងពាណិជ្ជកម្មប្រទេសទួរគី និយាយថា ប្រទេសនេះ បានផ្អាកពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីអ្វីដែលខ្លួនចាត់ទុកថាជាសោកនាដកម្មមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

សេចក្តីប្រកាស កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា វិធានការនេះនឹងបន្តរហូតដល់អ៊ីស្រាអែល អនុញ្ញាតឱ្យជំនួយមនុស្សធម៌គ្រប់គ្រាន់ បានចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កំពុងបិទកំពង់ផែសម្រាប់ការនាំចូល និងការនាំចេញរបស់អ៊ីស្រាអែល។ លោក Katz និយាយថា លោកបានណែនាំមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ ឱ្យបង្កើតជម្រើសសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសទួរគី ដោយផ្តោតលើការផលិតក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេងៗទៀត។
តួលេខពីការិយាល័យស្ថិតិកណ្តាលរបស់ប្រទេសអ៊ីស្រាអែល បង្ហាញថា ការនាំចូលរបស់ប្រទេសអ៊ីស្រាអែល ពីប្រទេសទួរគី ក្នុងឆ្នាំ២០២៤ មានចំនួន ៤,៦ពាន់លានដុល្លារ ជាចំនួនច្រើនបំផុតទី៥ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសពីរផ្សេងទៀត។
រដ្ឋាភិបាលទួរគី បានដាក់ការរឹតត្បិតលើការនាំចេញទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីខែមេសា ដោយប៉ះពាល់ដល់ផលិតផលចំនួន ៥៤ប្រភេទ រួមទាំងដែកថែប និងស៊ីម៉ងត៍។