ព្យុះផ្គររន្ទះ កំពុងធ្វើឱ្យមានការគំរាមកំហែងដោយទឹកជំនន់កាន់តែខ្លាំងឡើងៗកាលពីថ្ងៃព្រហស្បតិ៍ នៅទូទាំងរដ្ឋតិចសាស់ភាគខាងកើត រួមទាំងនៅទីក្រុងហ៊ូស្តុន ដោយបង្ខំឱ្យមានការជម្លៀសប្រជាជន និងបិទសាលារៀន។

មន្ត្រីគ្រប់គ្រងគ្រាអាសន្នតំបន់ Montgomery កំពុងព្យាករណ៍ពីទឹកជំនន់ដ៏មហន្តរាយ ខណៈ អាជ្ញាធរទន្លេ San Jacinto រំពឹងពីការបញ្ចេញទឹកពីបឹង Conroe ហើយ លោក ម៉ាក កែអ៊ូ(Mark Keough) ចៅក្រមតំបន់ បានចេញសេចក្តីប្រកាស អំពីគ្រោះមហន្តរាយ។
យោងតាមលោក Justin Ballard អ្នកជំនាញឧតុនិយម បាននិយាយថា ភ្លៀងបានធ្លាក់ពី ៨ ទៅ ១០អ៊ីញ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ជាច្រើន ជុំវិញទីក្រុងហ៊ូស្តុន។

កម្រិតបឹង Conroe បានកើនឡើងដល់ ២០៥,៣ ហ្វីត កាលពីរសៀលថ្ងៃព្រហស្បតិ៍។ អភិបាលក្រុង Houston លោក ចន វីតម៉ៃអឺ(John Whitmire) និងមន្ត្រីទីក្រុងផ្សេងទៀត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេជឿថានៅថ្ងៃសុក្រនេះ អាចនឹងកាន់តែអាក្រក់សម្រាប់ទឹកជំនន់នៅក្នុងទីក្រុង ដោយព្រមានថា «ស្ថានភាពអាក្រក់បំផុតនៅមិនទាន់មកដល់នៅឡើយទេ»។