អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេត្រូវបានរំខានដោយការប៉ះទង្គិចគ្នាដោយហិង្សា និងការកើនឡើងភាពតានតឹង ដែលកំពុងគំរាមកំហែងដល់ជនស៊ីវិលនៅក្នុង និងជុំវិញទីក្រុង El Fasher និងរដ្ឋធានី North Darfur របស់ប្រទេសស៊ូដង់។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា យើងមានការព្រួយបារម្ភជាពិសេសចំពោះការរឹតត្បិតលើការធ្វើដំណើររបស់ជនស៊ីវិល និងរបាយការណ៍ដែលថា ជនស៊ីវិលកំពុងត្រូវបានវាយប្រហារ និងប្លន់ ខណៈព្យាយាមភៀសខ្លួនទៅភាគខាងត្បូង ពីទីក្រុង។ ការរិយាល័យ បានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង El Faser បានធ្វើឱ្យជនស៊ីវិលជាង ៨០០.០០០នាក់ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងមនុស្សជាង ២០០.០០០នាក់ ត្រូវភៀសខ្លួននៅខាងក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅក្នុងប្រទេសស៊ូដង់កាលពីមួយឆ្នាំកន្លងទៅនេះ។
អង្គការ OCHA បាននិយាយថា ការប្រយុទ្ធគ្នានៅក្នុង និងជុំវិញទីក្រុង បានកាត់ផ្តាច់ដំណើរការមនុស្សធម៌ ដល់ជនស៊ីវិលដែលត្រូវការជំនួយយ៉ាងខ្លាំង។

ក្រុមមនុស្សធម៌ បាននិយាយផងដែរថា ក្រុមវេជ្ជបណ្ឌិតដែលមានសមាជិក១០នាក់ មកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំបេសកកម្មរួមគ្នាមួយទៅកាន់ប្រទេសស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រកាសអាសន្នអំពីស្ថានភាពមនុស្សធម៌ដ៏មហន្តរាយនៅទូទាំងប្រទេស រួមទាំងកម្រិតអសន្តិសុខស្បៀងដ៏មហន្តរាយ និងហានិភ័យនៃគ្រោះទុរ្ភិក្ស។