អង្គការយូណេស្កូ (UNESCO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថាន ប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សានៅជុំវិញពិភពលោក ទាំងវិស័យរដ្ឋ និងឯកជន ដោយគូសបញ្ជាក់ថាអ្នកសារព័ត៌មានបរិស្ថានចំនួន ៤៤ នាក់ត្រូវបានសម្លាប់នៅចន្លោះឆ្នាំ២០០៩ និង២០២៣។

ចំនួនជាង ៧០ ភាគរយនៃអ្នកសារព័ត៌មាន ៩០៥ នាក់ដែលទីភ្នាក់ងារបានធ្វើការស្ទង់មតិនៅក្នុងប្រទេសចំនួន ១២៩ បាននិយាយថា ពួកគេត្រូវបានវាយប្រហារ គំរាមកំហែង ឬជួបសម្ពាធ ហើយថាអំពើហិង្សាប្រឆាំងនឹងពួកគេកាន់តែអាក្រក់ទៅៗ ជាមួយនឹងការវាយប្រហារចំនួន ៣០៥ ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

អង្គការយូណេស្កូ ដែលជាទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ បានចុះបញ្ជីនៅក្នុងរបាយការណ៍របស់ខ្លួន អំពីការវាយប្រហារលើរាងកាយ ដូចជាការបង្ករបួសស្នាម ការចាប់ខ្លួន និងការយាយី ក៏ដូចជាសកម្មភាពផ្លូវច្បាប់ រួមទាំងបណ្តឹងបរិហារកេរ្តិ៍ និងដំណើរការនីតិវិធីព្រហ្មទណ្ឌ ក្នុងចំណោមករណីផ្សេងទៀត។
របាយការណ៍របស់អង្គការនេះបាននិយាយថា យ៉ាងហោចណាស់អ្នកសារព័ត៌មានចំនួន ៧៤៩ នាក់ ក្រុមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ត្រូវបានវាយប្រហារនៅក្នុងប្រទេសចំនួន ៨៩ នៅទូទាំងតំបន់ទាំងអស់ ដោយវិស័យរដ្ឋមានយ៉ាងហោចណាស់ពាក់កណ្តាលនៃការរងផលប៉ះពាល់នេះ និងវិស័យឯកជនយ៉ាងហោចណាស់មួយភាគបួន៕