មេដឹកនាំនៃអង្គការឥស្លាមនិយមប៉ាឡេស្ទីនហាម៉ាស( Hamas) នៅតំបន់ហ្កាហ្សាស្ទ្រីប លោក យ៉េយ៉ា អាល់ស៊ីនវ៉ា (Yehya al-Sinwar) នៅតែទាមទារចំនួនបីចំណុច នៅក្នុងការសំណើចរចាបច្ចុប្បន្នសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយ។

ប្រភពស្និទ្ធនឹងមេដឹកនាំហាម៉ាស បានប្រាប់ស្ថានីយទូរទស្សន៍អ៊ីស្រាអែល Channel 12 កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោក បន្តទាមទារឲ្យមានការបញ្ចប់សង្រ្គាម។ រហូតមកដល់ពេលនេះ អ៊ីស្រាអែល បានបដិសេធចំពោះការទាមទារនេះ។
តាមសេចក្តីរាយការណ៍ លោក អាល់ស៊ីនវ៉ា ចង់បានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរសម្រាប់ «ការបញ្ចប់ការប្រយុទ្ធដោយគ្មានលក្ខខណ្ឌ»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ លោក អាល់ស៊ីនវ៉ា ក៏កំពុងទាមទារឲ្យអ៊ីស្រាអែលឈប់រារាំងការវិលត្រឡប់ទៅកាន់តំបន់វេសបែង (West Bank) របស់អ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងជាថ្នូរនឹងចំណាប់ថ្នូរ ដែលត្រូវបានចាប់ពង្រត់ពីអ៊ីស្រាអែល។
យោងតាមសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងមួយ អ៊ីស្រាអែលចង់បញ្ជូនអ្នកដែលជាប់ទោសមួយជីវិតទៅតំបន់ហ្កាហ្សាស្ទ្រីប ឬ ទៅបរទេស។
លើសពីនេះទៅទៀតនោះ មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ចង់បានព័ត៌មានលម្អិតនៃសម្ភារៈដែលអ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យបញ្ជូនទៅកាន់តំបន់ឆ្នេរនេះសម្រាប់ការកសាងឡើងវិញ។