រដ្ឋាភិបាលរបស់សហភាពមីយ៉ាន់ម៉ា បានផ្អាកការចេញលិខិតអនុញ្ញាតឲ្យពួកបុរសទៅធ្វើការ នៅក្រៅប្រទេស ដោយការសម្រេចនេះកើតមានឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសនេះបានដាក់ចេញច្បាប់កាតព្វកិច្ចយោធា ដែលនាំឲ្យមនុស្សរាប់ពាន់នាក់ព្យាយាមចាកចេញពីប្រទេស។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះដោយក្រុមព័ត៌មានរបស់របបយោធា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) ក្រសួងការងារបានឲ្យដឹងថា ខ្លួនបាន «ផ្អាកជាបណ្តោះអាសន្ន» មិនទទួលយកពាក្យសុំពីពួកបុរសដែលមានបំណងទៅធ្វើការនៅបរទេស។ ក្រសួងបានបន្ថែមថា វិធានការនេះ គឺដើម្បី «មានពេលវេលាបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ដំណើរការចាកចេញ និងយោងទៅតាមបញ្ហាផ្សេងទៀត»។ តែយ៉ាងណាក្ដី មិនមានការផ្ដល់ព័ត៌មានលម្អិតនោះឡើយ។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានកាន់កាប់ប្រទេស នៅឆ្នាំ២០២១ ដោយការដណ្ដើមអំណាចនោះបង្កឲ្យមានការប្រឆាំងប្រដាប់អាវុធដ៏ធំ ដែលមកទល់ពេលនេះ ពួកយោធាមិនអាចយកឈ្នះបានឡើយ។
កាលពីខែកុម្ភៈ រដ្ឋាភិបាលយោធាបាននិយាយថា ខ្លួននឹងអនុវត្តច្បាប់ដែលអនុញ្ញាតឲ្យកោះហៅបុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣៥ឆ្នាំ និងស្ត្រីដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ២៧ឆ្នាំ ដើម្បីឲ្យចូលបម្រើជួរយោធាយ៉ាងហោចណាស់ ២ឆ្នាំ៕