អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) បាននិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំទណ្ឌកម្មសម្របសម្រួលប្រឆាំងនឹងការផ្ទេរអាវុធ និងប្រេងចម្រាញ់ រវាងរុស្ស៊ី និងកូរ៉េខាងជើង។

យោងតាមលោក Miller សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសអូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន នូវ៉ែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងចក្រភពអង់គ្លេស ដើម្បីប្រកាសពីការដាក់ទណ្ឌកម្មសម្របសម្រួលថ្មី។

រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងរបស់លោកខាងលិច ដែលថា ខ្លួនកំពុងសហការយោធាជាមួយកូរ៉េខាងជើង គឺជាការលើកឡើងមិនត្រឹមត្រូវនោះឡើយ ហើយបាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងព្យុងយ៉ាងមិនសំដៅប្រឆាំងនឹងប្រទេសទី៣ ឬគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់នោះទេ។
តែយ៉ាងណាក្ដី សេតវិមានបានឲ្យដឹងថា រុស្ស៊ីបានដឹកជញ្ជូនប្រេងចម្រាញ់ដោយស្ងាត់ៗទៅកូរ៉េខាងជើង ក្នុងកម្រិតដែលទំនងជាបំពានលើច្បាប់កំណត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)។
ការលាតត្រដាងនេះបានកើតឡើងនៅថ្ងៃដំបូងបន្ទាប់ពីក្រុមអ្នកជំនាញរបស់ UN ដែលត្រួតពិនិត្យការអនុវត្តទណ្ឌកម្មរបស់ UN ជាយូរមកលើកូរ៉េខាងជើង សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ ត្រូវបានរំសាយក្រោយមានការវេតូរបស់រុស្ស៊ី៕