អាជ្ញាធរក្នុងតំបន់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) បានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៣នាក់ហើយ ខណៈដែលរដ្ឋាភិបាលរដ្ឋបានប្រកាសពីស្ថានភាពមហន្តរាយជាសាធារណៈ ដើម្បីដោះស្រាយស្ថានការណ៍ធ្ងន់ធ្ងរ។

គួររំលឹកដែរថា បើយោងតាមស្ថាប័នការពារជនស៊ីវិលរបស់រដ្ឋ Rio Grande do Sul បានឲ្យដឹងថា ខ្យល់ព្យុះដែលបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងរដ្ឋនេះ នាប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានធ្វើឲ្យមនុស្ស ២១នាក់ បាត់ខ្លួន និង ៥.២៥៧នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងទីក្រុងចំនួន ១៣៤។

ប្រធានាធិបតីលោក Luiz Inacio Lula da Silva គ្រោងនឹងធ្វើដំណើរពិនិត្យមើលតាមយន្តហោះពីលើតំបន់ដែលរងផលប៉ះពាល់ ហើយជួបជាមួយអភិបាលរដ្ឋ លោក Eduardo Leite នៅទីក្រុង Santa Maria ជាកន្លែងដែលមានអ្នកស្លាប់ ៣នាក់ ដោយជាចំនួនច្រើនជាងគេបំផុត រហូតមកដល់ពេលនេះ សម្រាប់ការមានអ្នកបាត់បង់ជីវិរតនៅកន្លែងតែមួយ។
លោក Leite បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយសាធារណៈ ដោយលើកឡើងពីហានិភ័យដែលរដ្ឋប្រឈមជាមួយ ដោយសារតែព្រឹត្តិការណ៍អាកាសធាតុ។
គួរបញ្ជាក់ថា ទឹកជំនន់នៅរដ្ឋ Rio Grande do Sul គ្រាន់តែជាគ្រោះមហន្តរាយធម្មជាតិថ្មីៗចុងក្រោយបង្អស់ នៅប្រទេសប្រេស៊ីលប៉ុណ្ណោះ។ រដ្ឋនេះត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូនត្រូពិច កាលពីខែកញ្ញាឆ្នាំមុន ដែលនៅពេលនោះមនុស្សជាង ៣០នាក់ បានស្លាប់៕