អាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា) បាននិយាយថា ពួកគេកំពុងស្វែងរកទាំងនៅសមុទ្រ និងនៅលើគោក ចំពោះជនជាតិអូស្ត្រាលី ២នាក់ និងជនជាតិអាមេរិកម្នាក់ ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួននៅ Baja California ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋមានអំពើហិង្សាខ្លាំងក្លាបំផុតរបស់ប្រទេស។

បើយោងតាមការិយាល័យរដ្ឋអាជ្ញារបស់រដ្ឋ Baja California បានឲ្យដឹងថា ជនជាតិអូស្ត្រាលី ២នាក់បងប្អូន ឈ្មោះ Callum និង Jake Robinson និងជនជាតិអាមេរិកឈ្មោះ Jack Carter Rhoad ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ដោយអ្នកទេសចរណ៍ទាំង ៣នាក់នោះត្រូវបានគេឃើញលើកចុងក្រោយនៅថ្ងៃទី២៧ ខែមេសា។ អ្នកទាំង៣ កំពុងធ្វើដំណើរកម្សាន្តវិស្សមកាល ក្នុងក្រុង Ensenada ដោយប្រហែលមួយម៉ោងកន្លះ នៅភាគខាងត្បូងនៃព្រំដែនអាមេរិក-ម៉ិកស៊ិក។

លោក Jorge Argoud អនុប្រធានប្រតិបត្តិការសន្តិសុខនៅទីករុង Ensenada បានប្រាប់សារព័ត៌មាន Reuters ថា៖ «ចាប់តាំងពីការបាត់ខ្លួនត្រូវបានគេរាយការណ៍ ប្រតិបត្តិការស្វែងរកបាន និងកំពុងបន្តធ្វើ ហើយរហូតមកដល់ពេលនេះ ទូរសព្ទដៃដែលទំនងជារបស់អ្នកណាម្នាក់ ក្នុងចំណោមអ្នកបាត់ខ្លួននោះ ហើយរថយន្ត ១គ្រឿង ត្រូវបានរកឃើញ»។
រដ្ឋអាជ្ញារបស់រដ្ឋលោកស្រី Socorro Ibarra បាននិយាយថា មនុស្ស ៣នាក់ កំពុងត្រូវបានស៊ើបអង្កេតទាក់ទងនឹងករណីនេះ ទោះបីជាគេនៅតែមិនច្បាស់ថា តើពួកគេមានជាប់ពាក់ព័ន្ធក្នុងការបាត់ខ្លួនរបស់អ្នកទេសចរទាំង ៣រូបនោះ ឬអត់ក៏ដោយ៕