ប្រទេសកេនយ៉ា កំពុងប្រឈមមុខទៅនឹងការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ខ្លាំងឈានដល់កម្រិត២០០ មីលីម៉ែត្រ បន្តជន់លិចប្រទេសនេះ នាំឱ្យមានទឹកជំនន់រាលដាល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៨៨នាក់ស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតជម្លៀសខ្លួនចេញពីលំនៅឋាន។

ផលប៉ះពាល់នៃភ្លៀងធ្លាក់ បានរាលដាលពាសពេញផ្នែកផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា ចាប់ពីអាជីវករខ្នាតតូច រហូតដល់អាជីវកម្មធំៗ។ រដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអាជីវកម្មដែលធ្លាប់រីកចម្រើន បច្ចុប្បន្ននេះបានបន្សល់ទុកនូវការបំផ្លាញដោយសារតែទឹកជំនន់។

អាជ្ញាធរនិយតកម្មថាមពល និងប្រេង (EPRA) បានណែនាំដល់ស្ថានីយ៍ប្រេងឥន្ធនៈ ដែលរងផលប៉ះពាល់ដោយផ្ទាល់ ឱ្យនៅបិទរហូតដល់ពួកគេអាចធានាបាននូវសុវត្ថិភាព និងគុណភាពនៃផលិតផលរបស់ពួកគេ។
អាជ្ញាធរនិយតកម្មថាមពល និងប្រេង (EPRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ដែលត្រូវបានជន់លិច នឹងនៅតែបិទដើម្បីមានការត្រួតពិនិត្យ។ ប្រតិបត្តិករនឹងវាយតម្លៃស្ថានភាព សម្អាត និងធានាបានពីគុណភាពនៃផលិតផលរបស់ពួកគេ មុនពេលបើកដំណើរការឡើងវិញ។
ទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការឧស្សាហកម្ម ដូចជារោងចក្រ ក្រដាស Karatasi ក្នុងតំបន់ឧស្សាហកម្មណៃរ៉ូប៊ី(Nairobi) ដែលត្រូវបានជន់លិច បង្ខំឱ្យកម្មករជាប់គាំងជាច្រើនម៉ោង ហើយរោងចក្រត្រូវបានបិទ ដោយគ្មានកំណត់។
នៅក្នុងវិស័យដឹកជញ្ជូន រថយន្តក្រុងដឹកអ្នកដំណើរដែលគេស្គាល់ថា Matatus កំពុងប្រឈមទៅនឹងការខាតបង់ ដោយសារផ្លូវមិនអាចឆ្លងកាត់បាន ។
ខណៈទឹកជំនន់នៅតែបន្តប៉ះពាល់ដល់លំនៅឋានក្នុងតំបន់ប្រជាជនរស់នៅ ក្រុមគ្រួសារជាច្រើន កំពុងជួបការលំបាកដោយការបាត់បង់របស់របរប្រើប្រាស់ក្នុងផ្ទះ និងចាំបាច់ត្រូវស្វែងរកកន្លែងស្នាក់នៅថ្មី។