រដ្ឋាភិបាលក្នុងតំបន់ នៅរដ្ឋធានៅម៉ានីលកាលពីថ្ងៃទី២ខែឧសភា សប្ដាហ៍នេះ បានដាក់ពង្រាយកន្លែងងូតទឹកចល័ត ដើម្បីជួយសហគមន៍នេះទប់ទល់នឹងរលកកម្ដៅដ៏ខ្លាំង។

យោងតាមរដ្ឋាភិបាលក្នុងស្រុកនៃទីក្រុងវ៉ាឡិនហ្ស៊ូអេឡា (Valenzuela City) កន្លែងងូតទឹកចល័ត២នឹងដែលត្រូវដាក់ពង្រាយ អាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយពុំគិតប្រាក់ និងក្នុងបំណងជួយប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់នោះ ទប់ទល់នឹងកម្ដៅដ៏ក្ដៅ និងកំពុងប្រឈមការដាច់ចរន្តអគ្គិសនី និងកង្វះទឹកស្អាត។

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា សន្ទស្សន៍កម្ដៅក្ដៅខ្លាំង ជាកម្រិតសីតុណ្ហភាពជាក់ស្តែងមួយដែលរាងកាយមនុស្សមានអារម្មណ៍ថា ក្ដៅខ្លាំង រួមបញ្ចូលសំណើមក្ដៅ ត្រូវបានគេរំពឹងថានឹងនៅរក្សាកំណត់ត្រា ៤៥ អង្សាសេពេញមួយសប្តាហ៍។
ហ្វីលីពីន ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងប្រឈមកម្ដៅខ្លាំង ដោយផ្អាកថ្នាក់រៀន និងព្រមានប្រជាជនឱ្យជ្រកក្នុងម្លប់ និងជៀសវាងការប៉ះពាល់កម្ដៅថ្ងៃយូរដែលអាចឲ្យមានជំងឺសុរិយរោគ ឬ ជំងឺកើតចេញពីកម្ដៅក្ដៅខ្លាំងពេក៕