ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២១ខេត្ត និង១១១ក្រុង-ស្រុក។ពិធីនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងបរិស្ថាន។
នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា នៅពេលដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានផែនទីតំបន់ការពារធម្មជាតិនៅក្នុងដៃ គឺងាយស្រួល កំណត់ព្រំប្រទល់ច្បាស់លាស់រវាងតំបន់ការពារធម្មជាតិ និងក្រៅតំបន់ការពារធម្មជាតិ។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្សព្វផ្សាយផែនទីកំណត់តំបន់ការពារធម្មជាតិឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបានដឹង ដើម្បីជៀសវាងកុំឱ្យប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះ អាជ្ញាធរថ្នាក់ក្រោមជាតិ បានលើកឡើងដែរថា បន្ទាប់ពីទទួលបានផែនទីពីក្រសួងបរិស្ថាន ក្រុមការងារនឹងចុះទៅផ្សាយនៅមូលដ្ឋានប្រជាពលរដ្ឋរស់នៅក្បែរតំបន់ការពារធម្មជាតិឱ្យពួកគេបានដឹង។ហើយផែនទីនេះ មានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ក្រៅពីនេះ អាជ្ញាធរក៏បានប្តេជ្ញាថា នឹងទប់ស្កាត់បទល្មើសផ្សេងៗ មិនឱ្យកើតមាននៅតំបន់ការពារធម្មជាតិ។
គិតត្រឹមឆ្នាំ២០២៣ តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មានចំនួន៧៣តំបន់ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៧លាន ៤៦ពាន់ហិតា ស្មើនឹង៤០ភាគរយនៃផ្ទៃដីប្រទេស ដែលបច្ចុប្បន្នតំបន់ការពារធម្មជាតិទាំងនោះ ត្រូវបានបែងចែកដូចជា៖ ឧទ្យាជាតិ ឧទ្យាជាតិសមុទ្រ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ការពារប្រើប្រាស់ច្រើនយ៉ាង តំបន់រាមសារ និងតំបន់បេតិកភណ្ឌជាតិ។នេះបើតាមរបាយការណ៍ពីក្រសួងបរិស្ថាន។
គួរបញ្ជាក់ដែរថា តំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់ដល់វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងផ្តល់ប្រភពថាមពល ដោយហេតុថា រាល់តំបន់ស្នួល និងតំបន់អភិរក្សទាំងអស់ គឺជាសសរ កន្លោង រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈមុខងារនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងប្រភពធនធានជីវៈចម្រុះដែលមាននៅក្នុងតំបន់ការពារធម្មជាតិ៕ អត្ថបទ៖ទូច សោភ័ណ





