
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃសុក្រ (ទី៣ ខែឧសភា) នេះ បាននិយាយថា មិនមានបញ្ហាអ្វីធំដុំនោះឡើយ សម្រាប់កងកម្លាំងអាមេរិក ក្នុងប្រទេសនីហ្សេ បន្ទាប់ពីសារព័ត៌មាន Reuters បានរាយការណ៍ថា បុគ្គលិកយោធារុស្ស៊ីបានចូលទៅក្នុងមូលដ្ឋានទ័ពអាកាស ក្នុងរដ្ឋធានីនីញ៉ាម៉េ ដែលកំពុងទទួលកងទ័ពអាមេរិក។
នៅឯសន្និសីទសារព័ត៌មាននៅទីក្រុង Honolulu របស់កោះហាវ៉ៃ លោក Austin បានប្រាប់ថា៖ «ជនជាតិរុស្ស៊ីស្ថិតនៅក្នុងបរិវេណដាច់ដោយឡែកមួយ ហើយមិនមានសិទ្ធិចូលទៅកាន់កងកម្លាំងសហរដ្ឋអាមេរិក ឬយុទ្ធោបករណ៍របស់យើងទេ»។
រដ្ឋមន្ត្រីការពារជាតិរូបនេះ បានបន្ថែមថា៖ «ខ្ញុំតែងតែផ្តោតលើសុវត្ថិភាព និងការការពារកងទ័ពរបស់យើង។ ប៉ុន្តែនាពេលនេះ ខ្ញុំមិនឃើញបញ្ហាអ្វីធំដុំ ទាក់ទងនឹងការការពារកម្លាំងរបស់យើងនោះទេ»៕