
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាគ្រោះមហន្តរាយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង រួមទាំងបំណាក់បាក់ដី និងរន្ទះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩ នាក់ និងមនុស្ស ៧៩ នាក់ផ្សេងទៀតបានរងរបួសនៅទូទាំងប្រទេសរ្វ៉ាន់ដា ក្នុងរយៈពេលពីរខែកន្លងមកនេះ។
រដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះអាសន្ន លោក អាល់ប៊ឺត មូរ៉ាស៊ីរ៉ា (Albert Murasira) បានប្រាប់ទូរទស្សន៍ជាតិថា មនុស្សប្រហែល ១២ នាក់បានស្លាប់ដោយសាររន្ទះ ខណៈអ្នកផ្សេងទៀតបានស្លាប់បន្ទាប់ពីផ្ទះដែលទ្រុឌទ្រោមរបស់ពួកគេបានបាក់រលំសង្កត់។
លោកបានបន្ថែមថា រដ្ឋាភិបាលបានជម្លៀសអ្នកស្រុកប្រហែល ៥.០០០ នាក់ពីតំបន់ដែលមានហានិភ័យខ្ពស់ទៅកាន់តំបន់មានសុវត្ថិភាពនៅទូទាំងប្រទេស។ គ្រោះមហន្តរាយនេះក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមមានលំនៅឋាន ស្ពាន អគារសិក្សា បណ្តាញផ្លូវថ្នល់ និងចម្ការដំណាំជាច្រើនហិកតា។
ទីភ្នាក់ងារឧតុនិយមរ្វ៉ាន់ដា បានព្រមានថា ផ្នែកជាច្រើននៃប្រទេសនេះនឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែឧសភា នេះ។ កាលពីខែឧសភា ឆ្នាំមុន ទឹកជំនន់ និងបំណាក់ដីបានវាយប្រហារភាគខាងលិច និងភាគខាងជើងប្រទេសអាហ្រ្វិកខាងកើតមួយនេះ ដោយបានសម្លាប់មនុស្ស ១៣៥ នាក់៕