
មន្ត្រីស៊ើបការណ៍ចារកម្មសម្ងាត់អ៊ុយក្រែន ម្នាក់បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថា អ៊ុយក្រែននឹងត្រូវតែចូលទៅក្នុងកិច្ចចរចាជាមួយរុស្ស៊ីនៅពេលវេលាណាមួយដោយជៀសមិនផុត ដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេលជាងពីរឆ្នាំរបស់ពួកគេ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានច្រានចោលការចរចាជាមួយវិមានក្រឹមឡាំង ម្តងហើយម្តងទៀត ហើយក្រឹត្យដែលលោកបានចេញបន្ទាប់ពីរុស្ស៊ី បានដាក់បញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនជាផ្លូវការនៅឆ្នាំ២០២២ បានចាត់ទុកថាការចរចា «ជារឿងមិនអាចទៅរួច»។
ប៉ុន្តែលោកឧត្តមសេនីយ វ៉ាឌីម ស្គីប៊ីតស្គី (Vadym Skibitsky) អនុប្រធាននាយកដ្ឋានចារកម្មយោធា HUR របស់អ៊ុយក្រែន បានប្រាប់ទស្សនាវដ្តី អ៊ីកូណូមីស (Economist) ថាការពិភាក្សានឹងត្រូវការជាចាំបាច់ ដូចទៅនឹងករណីសង្រ្គាមទូទៅដែរ។
លោក ហ៊្សេឡិនស្គី និងក្រុមមន្ត្រីផ្សេងទៀតបាននិយាយថា រុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុង «កិច្ចប្រជុំកំពូលសន្តិភាព» ដែលគ្រោងធ្វើសម្រាប់ប្រទេសស្វីស ក្នុងខែមិថុនា ដោយសារមិនមានការធានាថាទីក្រុងមូស្គូ នឹងចរចាដោយស្មោះត្រង់នោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការជួបជុំនៅខែមិថុនា នោះមិនអាចក្លាយជា «សន្និសិទសំខាន់ជាមួយនឹងការរំពឹងទុកយ៉ាងម៉ឺងម៉ាត់នៃលទ្ធផលមួយចំនួន» ដោយពុំមានវត្តមានរបស់រុស្ស៊ី នោះទេ៕