
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) បានប្រាប់សន្និសីទសារព័ត៌មានរួមមួយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថា ការរងរបួសនាវិកហ្វីលីពីន និងការបង្កការខូចខាតដល់នាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង គឺជា «អាកប្បកិរិយាមិនទទួលខុសត្រូវ និងមិនគោរពច្បាប់អន្តរជាតិ»។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់សន្និសីទសារព័ត៌មានថា ការងាររបស់យើងគឺត្រូវធានាថា តាមរយៈការកសាងសមត្ថភាព និងការរារាំង យើងត្រូវរួមគ្នាការពារសន្តិភាពដែនសមុទ្រ។
ហ្វីលីពីន បានចោទប្រកាន់ចិន ពីការបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីឆ្មាំល្បាតឆ្នេររបស់ខ្លួនបានប្រើប្រាស់កាណុងបាញ់ទឹក និងបង្កការខូចខាតដល់នាវាពីររបស់ហ្វីលីពីន ខណៈកំពុងធ្វើដំណើរទៅកាន់ដែនទឹកជម្លោះ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) កាលពីថ្ងៃអង្គារ ដើម្បីជួយអ្នកនេសាទ។
ប្រទេសចិន ទាមទារអធិបតេយ្យភាពលើផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ រួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ ផងដែរ៕