
អ្នកទិញ និងអ្នកលក់នៅផ្សារក្នុងរដ្ឋធានីប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) បានសម្តែងការខកចិត្តចំពោះតម្លៃទំនិញដែលមិនអាចទាយទុកជាមុនបាន និងអសន្តិសុខដែលកំពុងបន្តនៅក្នុងរដ្ឋធានី ព័រអូប្រាំង ខណៈពួកគេត្រូវជួបប្រទះជាមួយបញ្ហាប្រឈមជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនៃប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ បានទន្ទឹងរង់ចាំក្រុមប្រឹក្សាប្រធានាធិបតីដែលទើបតែងតាំងថ្មី ក្នុងការនាំយកសន្តិភាពមកវិញ បន្ទាប់ពីរលកនៃអំពើហិង្សារបស់ក្រុមជនអន្ធពាល និងភាពចលាចលនយោបាយដែលបានធ្វើឱ្យប្រទេសមួយធ្លាក់ចូលទៅក្នុងវិបត្តិ។
ប្រទេសហៃទី បានជួបប្រទះនឹងការកើនឡើងនៃអំពើហិង្សារបស់ក្រុមជនអន្ធពាលចាប់តាំងពីខែកុម្ភៈ មក។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មនុស្សច្រើនជាងម្នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សារបស់ក្រុមជនអន្ធពាលប្រដាប់អាវុធហៃទី រៀងរាល់មួយម៉ោងម្ដង ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។
រដ្ឋធានី ព័រអូប្រាំង ត្រូវបានកាត់ផ្តាច់ចេញពីផ្លូវសមុទ្រ និងផ្លូវអាកាស ដែលប៉ះពាល់ដល់ការចែកចាយស្បៀងអាហារទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេស។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ តម្លៃទំនិញបានកើនឡើងខ្ពស់ខ្លាំងចាប់តាំងពីវិបត្តិអំពើហិង្សាបានផ្ទុះឡើង ហើយចាប់តាំងពីខែមករា មក តម្លៃអង្ករឡើងថ្លៃ ៣០ ភាគរយ ហើយតម្លៃពោតកើនឡើង ១៧ ភាគរយ៕