
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាលោកមិនឃើញមានការបង្អុលបង្ហាញណាមួយ ដែលថាក្រុមហាម៉ាស កំពុងរៀបចំផែនការវាយប្រហារណាមួយលើកងទ័ពអាមេរិក ដែលកំពុងសាងសង់កំពង់ផែនៅតំបន់ហ្កាហ្សានោះទេ ប៉ុន្តែវិធានការបន្ថែមទៀតកំពុងត្រូវបានដាក់ឱ្យដំណើរការសម្រាប់សុវត្ថិភាពរបស់បុគ្គលិកយោធា។
លោក អស្ទីន បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា «យើងមិនឃើញមានការបង្ហាញណាមួយដែលថាក្រុមហាម៉ាស មានចេតនាធ្វើដូច្នេះទេ ប៉ុន្តែទីនោះគឺជាតំបន់ប្រយុទ្ធ ហើយរឿងអ្វីក៏អាចកើតឡើងបានដែរ ដូចនេះយើងបានចាត់វិធានការប្រុងប្រយ័ត្នរួចជាស្រេច»។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កំពង់ផែសមុទ្រដែលសាងសង់ដោយយោធាសហរដ្ឋអាមេរិក ដើម្បីបង្កើនល្បឿនលំហូរជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា អាចនឹងបើកក្នុងរយៈពេលប៉ុន្មានថ្ងៃ បើទោះបីជាអាកាសធាតុមិនល្អក៏។
សហរដ្ឋអាមេរិក បានអំពាវនាវដល់អ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យធានាថាជំនួយសម្រាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សាមិនត្រូវបានរំខាន បន្ទាប់ពីការដឹកជញ្ជូនពីប្រទេសហ្ស៊កដានី ត្រូវបានវាយប្រហារដោយអ្នកតាំងលំនៅអ៊ីស្រាអែល ហើយត្រូវរំខានជាបន្តបន្ទាប់ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន៕